កំហុស តែងតែកើតមានឡើងក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ពិតណាស់ថា មនុស្សយើងម្នាក់ៗគ្មាននរណាម្នាក់ មិនធ្លាប់ប្រព្រឹត្តខុសទេ ឬធ្វើត្រូវតែរហូតឡើយ។ កំហុសដែលកើតឡើងដោយចេតនាឬអចេតនាក្តី យើងអាចធ្វើការសុំអភ័យទោសពីវាបាន ព្រោះថាសញ្ជាតិកើតជាមនុស្ស គ្មាននរណាកើតមកហើយសុទ្ធតែជាមនុស្សអាក្រក់ឡើយ ចិត្តដាច់ ឃោរឃៅទៅកាន់មនុស្សដូចគ្នាណាស់។
ផ្ទុយទៅវិញ គ្រប់គ្នា សុទ្ធតែជាអ្នកស្រឡាញ់ការប្រព្រឹត្តអំពើល្អ ធ្វើបុណ្យ ជួយយកអាសារគ្នាទៅវិញទៅមក នេះហើយជាមូលហេតុ គេនឹងព្រមទទួលយកពាក្យសូមទោសរបស់អ្នក នឹងព្រមជួយដោះស្រាយបញ្ហា ទុក្ខលំបាក ទាំងតាមរយៈផ្លូវចិត្ត ផ្តល់យោបល់ ឬអាចជាទ្រព្យធន មិនស្ដាយលុយទេ ឲ្យតែយើងខ្លួនឯងនិយាយពាក្យពិតបង្ហាញពីការស្មោះត្រង់នឹងគេ កុំតែបោកប្រាសគេបានហើយ។
អ្នកប្រព្រឹត្តខុសទាំងរឿងតូចនិងរឿងធំ សូមកុំគិតថា ពេលខ្លួនជួបទុក្ខលំបាកយ៉ាងណាគ្មានអ្នកណាជួយ ខ្លួនតែមួយ ខ្វះអ្នកពឹងពាក់បង្អែកខ្នង ហើយគិតបញ្ហាតែម្យ៉ាង យើងខ្លួនឯងនឹងក្លាយជាអ្នកទោស ឃុំឃាំងជាប់នឹងគុកងងឹតដែលខ្លួនបង្កើតដោយខ្លួនឯង។ កំហុស ដែលយើងប្រព្រឹត្តរួចហើយ ពិតណាស់វានឹងក្លាយជាស្នាម ដាមដកជាប់ក្នុងចិត្ត តែសូមគិតថា វាជាស្នាមដាស់តឿនដល់យើង កុំឲ្យប្រព្រឹត្តម្តងទៀត ហើយនេះជាមេរៀនជីវិតដែលខ្លួនឯងត្រូវរៀន និងអភិវឌ្ឍខ្លួនឯងបន្តទៀត ព្រោះថាលើកលោកនេះ គ្មាននរណាកើតមកហើយទទួលជោគជ័យ ដោយមិនឆ្លងកាត់ការបរាជ័យឡើយ៕
អត្ថបទដោយ៖ រ៉ាហ្សុី