ប្រទេសវៀតណាម ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា លោកយាយ Nguyen Thi Dinh អាយុ៨៣ឆ្នាំ មកពីខេត្ត Ben Tre ប្រទេសវៀតណាម មិនដែលបានកាត់សក់សោះ តាំងពីមានអាយុ១៩ឆ្នាំមក។ មកដល់ពេលនេះ សក់របស់គាត់ប្រវែង៦ម៉ែត្រ និងរាងដូចពស់ថ្លាន់។
អ្វីៗទាំងអស់បានចាប់ផ្តើមនៅពេលដែលលោកយាយមានអាយុ១៩ឆ្នាំ។ លោកយាយបានកាត់សក់របស់លោកយាយជាលើកដំបូងក្នុងជីវិត។ គាត់ថា ពេលកាត់សក់ហើយ ក៏មានអាការៈឈឺក្បាលធ្ងន់ធ្ងរ ដែលធ្វើឱ្យឪពុកម្តាយរបស់គាត់នាំទៅជួបគ្រូពេទ្យ។ ប៉ុន្តែទោះបីទទួលការព្យាបាលតាមវេជ្ជបញ្ជាក៏ដោយ រោគសញ្ញានៅតែមានដដែល។ ការឈឺក្បាលបានបាត់ទៅវិញ នៅពេលសក់របស់គាត់ចាប់ផ្តើមដុះវែងជាងមុន។ ដោយសារតែបែបនេះ គាត់មិនព្រមកាត់សក់ រហូតមកដល់សព្វថ្ងៃ។
លោកយាយបានប្រាប់ថា៖ «ចាប់តាំងពីពេលនោះមក ខ្ញុំបានឈប់កាត់សក់ ហើយនៅពេលដែលដុះឡើងវិញជំងឺរបស់ខ្ញុំក៏មានភាពប្រសើរឡើងជាលំដាប់។ ចម្លែកណាស់! ពេលខ្ញុំកក់សក់ក៏វាធ្វើឱ្យឈឺក្បាលដែរ។ ដូចនេះ ខ្ញុំក៏ឈប់កក់សក់ទៀតដែរ។ ទឹកក៏មិនប៉ះផង»។
នៅពេលវាកាន់តែវែង សក់របស់លោកយាយកាន់តែពិបាកគ្រប់គ្រង។ ដូច្នេះ គាត់ក៏ចងវារមូលចូលគ្នា។ ពេលនេះ វាមានប្រវែង៦ម៉ែត្រ និងមានរាងស្រដៀងនឹងពស់ថ្លាន់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព