ក្នុងការប្រកួត គេតែងតែមានអ្នកឈ្នះនិងអ្នកចាញ់។ អ្នកឈ្នះតែងតែសប្បាយចិត្ត រីករាយញញឹមញញែម ព្រមជាមួយរង្វាន់ពានជ័យលាភីនិងការលើកសរសើរពីសំណាក់មហាជន។ រីឯអ្នកចាញ់វិញបានតែអង្គុយខូចចិត្តនៅជ្រុងម្ខាងនៃទីលានប្រកួតប៉ុណ្ណោះ។
ពិតណាស់បាច់ផ្កាស្រស់មួយបាច់ ធម្មតាគេតែងតែប្រគល់ជូនអ្នកជោគជ័យឬអ្នកឈ្នះក្នុងកិច្ចការណាមួយ តែសួរថាប្រសិនយើងជាអ្នកចាញ់គួរតែទទួលបានបាច់ផ្កាស្រស់ដែរឬទេ? ក្នុងសង្គមបច្ចុប្បន្នមនុស្សយើងម្នាក់ៗផ្តោតតែលើកំហុសដែលម្នាក់ទៀតប្រព្រឹត្តឬលទ្ធផលដែលម្ខាងទៀតបានទទួល គេរំលងទង្វើល្អដែលម្នាក់ទៀតធ្លាប់បានធ្វើពីមុនឬសេចក្តីខិតខំប្រឹងប្រែង ការតស៊ូព្យាយាមរបស់គេនោះឡើយ។ គ្រាន់តែបាច់ផ្កាស្រស់មួយបាច់មានតម្លៃណាស់ឬ?
ផ្កាស្រស់មួយបាច់ចំពោះអ្នកឈ្នះមិនសូវសំខាន់ណាស់ណាទេ តែសម្រាប់អ្នកចាញ់ផ្កាស្រស់មួយបាច់នេះមានតម្លៃខ្លាំងណាស់ព្រោះផ្កាមួយបាច់នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន(អ្នកចាញ់)មិនអត់ប្រយោជន៍ ជម្រុញចិត្តរបស់គេឲ្យមានកម្លាំងចិត្ត មិនឲ្យអស់សង្ឃឹមនិងប្រឹងប្រែងតស៊ូបន្ថែមទៀតព្រោះនៅខាងក្រោយគេនៅមានអ្នកគាំទ្រលើកទឹកចិត្ត ហើយចូរចាំថាគេមិនមែននៅតែម្នាក់ឯងឡើយ! ទឹកចិត្តជាកីឡាករឲ្យតែនៅមានសង្ឃឹម លើកនេះយើងជាអ្នកចាញ់ លើកក្រោយយើងប្រាកដជាអ្នកឈ្នះជាមិនខាន!
អត្ថបទដោយ៖ រ៉ាហ្សុី