ខេត្តតាកែវ ៖ ពលរដ្ឋជាង២០០គ្រួសារ បានចោទអភិបាលស្រុកអង្គរបុរីថា បានផ្អឹបបណ្ដឹងពួកគាត់រឿងសង់របងបិទផ្លូវទឹកពលរដ្ឋជាង២០០គ្រួសារ រស់នៅក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បាននាំគ្នាចោទលោកឌឹម គឹមសានអភិបាលស្រុកអង្គរបុរីថាមានចេតនាផ្អឹបបណ្ដឹងពួកគាត់មិនព្រមដោះស្រាយ ពាក់ពន្ធ័និងអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមមួយគ្រួសារសង់របងបិតប្រពន្ធ័ផ្លូវទឹកស្អុយ។
បើយោងតាមពាក្យបណ្ដឹងបានអោយដឹងថា ១គ្រួសារដែលត្រូវប្រជាពលរដ្ឋប្ដឹងឈ្មោះលោកង៉ែត សំណាង និងភរិយាឈ្មោះផុន សុភ័ក្រ ដោយចោទប្រកាន់ថា ឈ្មោះប្ដីប្រពន្ធខាងលើ បានសង់របងថ្មលើផ្លូវទឹក ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ហើយបណ្ដឹងរបស់ពលរដ្ឋបានប្ដឹងទៅអាជ្ញាធរស្រុកជាយូរណាស់មកហើយ តែបែរជាស្រុកមិនព្រមចាត់វិធានការអ្វីសោះ ។
ពលរដ្ឋបានលើកឡើងទៀតថា ប្រឡាយរំដោះទឹកស្អុយនេះ មានទទឹង៤ម៉ែត្រ ដោយរំដោះទឹកស្អុយ ស្ទើរតែមួយឃុំអង្គរបុរីទាំងមូលតែម្ដង តែនៅពេលនេះ ទឹកស្អុយមិនអាចរំដោះចេញបានទេ ដោយជាប់គាំងស្ញេញត្រឹមរបងថ្មខាងលើ ធ្វើអោយទឹកស្អុយហៀរចូលលំនៅឋានរបស់ពួកគាត់នៅពេលភ្លៀងម្ដងៗ។
ពាក់ពន្ធ័ករណីខាងលើលោកឡេង ខូវ ប្រធានភូមិបាលស្រុកអង្គរបុរីបានអោយដឹងថា លោកទទួលស្គាល់ថាម្ចាស់ដែលសង់របងថ្ម គឺពិតជាបានសង់របងបិទផ្លូវទឹកមែនហើយលោកកំពុងរកដំណោះស្រាយ។
ចំណែកលោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី បានអោយដឹងថា លោកបានប្រើអភិបាលរងស្រុករបស់លោក រួមទាំងមន្ត្រីពាក់ព័ន្ធ ចុះទៅធ្វើហើយ លោកបានបញ្ជាក់ទៀតថាចំពោះករណីខាងលើជាក់ស្ដែងមិនមែនរឿងបិទផ្លូវទឹកទេ គឺរឿងកើតចេញពីការច្រណែនតែលោកមិនបានបញ្ជាក់ថាពលរដ្ឋជាង២០០គ្រួសារច្រណែនរឿងម្ចាស់របងថ្មឬម្ចាស់របងថ្មច្រណែនពលរដ្ឋនោះទេ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព