អ្នកមានដឹងទេថា មនុស្សដែលដើរភ្លក់ការ៉េម ថតរូបអាហារ និងចូលរួមពិធីមង្គលការអ្នកដទៃកំពុងរកប្រាក់បានច្រើនជាងអ្នកទៅទៀត ? ការពិតជាក់ស្តែង ជុំវិញពិភពលោកនេះមានការងារចម្លែកៗជាច្រើនដែលអ្នកនឹងស្មានមិនដល់ ហើយឲ្យប្រាក់បៀវត្សន៍ដ៏ខ្ពស់ផងដែរ ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃការងារទាំងនោះ៖
១. អ្នកភ្លក់ការ៉េម៖
អ្នកសាកល្បងរសជាតិការ៉េមថ្មីៗ ឬមនុស្សមួយចំនួនទៀតហៅពួកគេថា ជាអ្នកវិទ្យាសាស្រអាហារ អាចរកប្រាក់ចំណូលបានដល់ទៅ៦ម៉ឺនដុល្លារក្នុងមួយឆ្នាំឯណោះ ឬប្រមាណ៥ពាន់ដុល្លារក្នុងមួយខែ ដោយគ្រាន់តែដើរភ្លក់ការ៉េមថ្មីៗមុនពេលដាក់លក់លើទីផ្សារ ។
២. អ្នកផ្តល់សេវាកម្មធ្វើអ្នកកំដរក្នុងពិធីមង្គលការ៖
អ្នកផ្តល់សេវាកម្មធ្វើអ្នកកំដរសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍អ្នកដទៃប្រៀបបានជាអ្នកជួយសង្គ្រោះកូនក្រមុំ និងកូនកម្លោះដែលជួបការលំបាកក្នុងការរកអ្នកកំដរ ។ ពួកអ្នកទាំងនេះអាចរកប្រាក់ចំណូលបានដល់ទៅ១ពាន់ដុល្លារក្នុងមួយថ្ងៃ ។
៣. អ្នកជំនាញផ្នែកចិត្តសាស្ត្រសត្វ ៖
អ្នកជំនាញទាំងនេះសិក្សាពីអាកប្បកិរិយារបស់សត្វតាមរយៈការតាមដានសត្វ រួចដើរបង្រៀនសិស្សដទៃសម្រាប់កម្មវិធីសិក្សាណ ឫមួយជាដើម ។ អ្នកជំនាញផ្នែកចិត្តសាស្ត្រសត្វអាចរកប្រាក់ចំណូលប្រចាំឆ្នាំពី៣៥,០០០ដុល្លារ ទៅ ៩០,០០០ដុល្លារផងដែរ ។
៤. អ្នកសាកល្បងអាហារសត្វ ៖
អ្នកសាកល្បងអាហារសត្វវិភាគចំណុចជាច្រើនដូចជា ជីវជាតិ និងរសជាតិរបស់អាហារទាំងនេះដើម្បីធានាថាអាហារមានភាពទាក់ទាញសម្រាប់សត្វ ។ ហើយប្រាកដណាស់ ពួកគេសាកល្បង និងវិភាគវាបានដោយទទួលទានវាដោយខ្លួនឯង ។ ទោះជាការទទួលទានអាហារសត្វប្រៀបបានជារឿងមិនប្រក្រតីពិតមែនក្តី អ្នកទាំងនេះអាចរកចំណូលបានដល់ទៅ ៤ម៉ឺនដុល្លារក្នុងមួយឆ្នាំដែរ។
៥. ជាងថតរូបអាហារ៖
ជាងថតរូបមិនត្រូវការសញ្ញាប័ត្របញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រដើម្បីអាចរកប្រាក់ចំណូលបានច្រើនទេ ។ ជាទូទៅ ពួកគេផ្តល់សេវាថតរូបឲ្យភោជនីយដ្ឋានដើម្បីផ្សព្វផ្សាយលើប្រព័ន្ធសង្គមរបស់ពួកគេ ។ ពេលខ្លះទៀតទស្សនាវដ្តី និងសៀវភៅអាហារផ្សេងៗក៏អាចទិញរូបភាពរបស់ពួកគេដែរ ។ ជាងថយរូបអាហារក្នុងមួយឆ្នាំអាចរកចំណូលបានខុសៗគ្នាទៅតាមសមត្ថភាព និងបណ្តាញដែលខ្លួនមាន ៕ ដោយ៖ កោះសន្តិភាព