រាជធានីភ្នំពេញ៖ ការបង្កើតនូវអាជីវកម្មផ្សេងៗ មិនថាខ្នាតតូច ខ្នាតមធ្យម ឬខ្នាតធំនោះទេ គឺគោលបំណងសំខាន់ម្ចាស់អាជីវកម្មចង់ជោគជ័យ ។ ក៏ប៉ុន្តែមិនមែនគ្រប់សហគ្រិនសុទ្ធតែជោគជ័យនោះទេ ខណៈសហគ្រិនខ្លះក៏ជោគជ័យដែរ តែមួយរយៈពេលខ្លី ដែលប្រការនេះច្រើនតែពាក់ព័ន្ធនឹងសហគ្រិនធ្វើអាជីវកម្មគ្រាន់តែដើម្បីលុយ មិនមែនដោយចិត្តស្រលាញ់ ។
បើតាមលោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជាបានលើកឡើងថា «ដើម្បីឲ្យអាជីវកម្មតូចៗបានជោគជ័យ តាមពិតទៅអាជីវកម្មខ្នាតតូច ភាគច្រើនគេហៅថា ចម្លងគ្នា ធ្វើតាមៗគ្នា ក្នុងន័យបង្កើតជាចំណូល ។ សហគ្រិនខ្នាតតូចក៏ដោយ ខ្នាតធំក៏ដោយ ខ្នាតធម្យមក៏ដោយ គួរតែធ្វើអ្វីដែលខ្លួនចង់ធ្វើ ធ្វើអ្វីដែលខ្លួនពេញចិត្ត ធ្វើទៅសប្បាយចិត្ត អ៊ីចឹងយើងខិតខំធ្វើកែច្នៃ យើងខិតខំរៀបចំវេចខ្ចប់បានល្អ ដោយសាររបស់យើងហ្នឹង គឺយើងធ្វើដោយចេញពីចិត្តរបស់យើងដែលយើងស្រលាញ់ មិនមែនធ្វើដើម្បីលុយ» ។ លោកបានពន្យល់បន្ថែមថា «នៅពេលយើងចាប់ផ្តើមអាជីកម្មអ្វីមួយដោយក្តីស្រលាញ់ចេញពីចិត្ត មិនមែនគ្រាន់តែសម្លឹងឃើញលុយចំណេញ នោះភាគជោគជ័យគឺនៅនឹងមុខ ហើយធ្វើដោយសប្បាយចិត្ត គ្មានអារម្មណ៍ថាហត់នឿយនឹងការងារ។ កាលណាយើងធ្វើអ៊ីចឹង ធ្វើឲ្យទឹកដៃរបស់យើង ការផ្តល់សេវាកម្មរបស់យើងល្អ » ។
លោក ង៉ែត ជូ បានជូនឧទាហរណ៍សាមញ្ញមួយ ថាមនុស្សម្នាក់ចូលចិត្ត បម្រើសេវាវេរលុយ អ៊ីចឹងឲ្យតែមានអតិថិជនវេរលុយទៅកាន់ហាងគាត់ គឺគាត់សប្បាយចិត្តហើយ គឺគាត់ផ្តល់សេវាឲ្យគេបានល្អ ដោយគាត់គិតថាវាមានប្រយោជន៍សម្រាប់សង្គមនិងសម្រាប់គាត់ ។ អ៊ីចឹងពេលគាត់ចូលចិត្តការងារនេះ គាត់អត់មានអារម្មណ៍ថានឿយហត់ទេ ទោះមានភ្ញៀវមកច្រើនយ៉ាងណាក៏ដោយ គាត់នៅតែសប្បាយចិត្ត នៅតែញញឹមរាក់ទាក់ ធ្វើឲ្យអតិថិជនពេញចិត្ត កន្លែងវេរលុយគាត់ដាច់ខ្លាំង នោះអាជីវកម្មគាត់នឹងជោគជ័យ ហើយអតិថិជននឹងសរសើរនិងជួយផ្សព្វផ្សាយពីអាជីវកម្មរបស់គាត់ ហេតុដូច្នេះគាត់ជោគជ័យយូរអង្វែង ជាមួយនឹងអាជីវកម្មដែលគាត់ស្រលាញ់ ។
ផ្ទុយទៅវិញ លោកង៉ែត ជូ ពោលបញ្ជាក់ បើសិនជាគាត់បើកកន្លែងវេរលុយ ពីព្រោះក្នុងមួយខែគាត់ត្រូវការចំណាយច្រើន ហើយផាត់ចំណាយហើយ គាត់ត្រូវការលុយបន្ថែម ៥០០ ដុល្លារ អញ្ចឹងគាត់ក៏គិតថាបើកកន្លែងវេរលុយ ដើម្បីគ្រាន់តែរកលុយ ។ អ្វីដែលគាត់ចង់បានគឺគាត់ត្រូវការតែលុយតែប៉ុណ្ណោះ អ៊ីចឹងការផ្តល់សេវា ការបម្រើអតិថិជនរបស់គាត់ គឺដើម្បីតែលុយ គាត់អត់ខ្វល់ពីអតិថិជនទេ ។ អ៊ីចឹងកាលណាភ្ញៀវមកច្រើនពេក នោះគាត់នឹងបានលុយរាងច្រើនហើយ តែគាត់ក៏មានអារម្មណ៍ថាហត់ពេលមានភ្ញៀវច្រើន ក៏ចាប់ផ្តើមទ្រគោះបោះបោក មិនសប្បាយចិត្តបម្រើសេវាជូនភ្ញៀវ អ៊ីចឹងអត់សូវជោគជ័យទេ ។ លោក ង៉ែត ជូ បញ្ជាក់ «អ៊ីចឹងជារួម ធ្វើអ្វីដែលយើងចូលចិត្ត ហើយធ្វើអីដែលរាងប្លែកពីគេ នោះនឹងជោគជ័យពិតប្រាកដនិងយូរអង្វែង»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព