Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុទ្ធសាស្ត្រ​ទាំង ៦ ចំណុច​​អភិវឌ្ឍន៍​វិស័យ​អាកាស​ចរ​ស៊ី​វិល​

រាជធានី​ភ្នំពេញ៖ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​អាកាស​ចរ​ស៊ី​វិល ២០២១-២០២៥ កាលពី​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០២០ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋ​ម​ន្គ្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​មាន​ប្រសាសន៍​ថា «​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អាកាស​ចរ​ស៊ី​វិល ​២០២១-២០២៥ ជា​កិច្ចការ​មួយ​ដែល​មាន​សារៈសំខាន់​និង​ចាំបាច់​ណាស់ ដែល​ផ្តោត​លើ​សូចនាករ​សំខាន់​ៗ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​អាកាស​ចរ​ស៊ី​វិល​»​។

លោក​បានបង្ហាញ យុទ្ធសាស្ត្រ​ទាំង​៦ ចំណុចក្នុងការអភិវឌ្ឍ​វិស័យ​អាកាស​ចរ​ស៊ី​វិល​ ដែលរួមមានដូចខាងក្រោម៖

១- យុទ្ធសាស្ត្រ​ទី​១៖ ការ​ពង្រឹង​សុវត្ថិភាព​ហោះហើរ ៖ ការ​ពង្រឹង​សុវត្ថិភាព​ហោះហើរ គឺ​ការ​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់ និង​ធានា​សុវត្ថិភាព​ប្រតិបត្តិការ​អាកាសយាន ​(​ហោះ​ចេញ​-​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​) ពង្រឹង​ការ​គ្រប់គ្រង និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ និង​មាន​ទំនុកចិត្ត ។

២- យុទ្ធសាស្ត្រ​ទី​២ ៖ ការ​ពង្រឹង​សន្តិសុខ​អាកាស​ចរ​ស៊ី​វិល ​៖ ការ​ពង្រឹង​សន្តិសុខ​អាកាស​ចរ គឺ​ការ​ផ្តល់​ទំនុក​ចិត្តជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ដោយ​ត្រូវ​បាន​ធានា​តាម​រយៈ​ការ​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ទៅ​លើ​សន្តិសុខ​អាកាស​ចរ​ស៊ី​វិល សំដៅ​ការ​ការពារ ទប់​សា្ក​ត់ និង​ប្រឆាំង​រាល់​អំពើ​រំលោភច្បាប់ ដូច​ជា​ការ​បំផ្ទុះ អំពើ​ភេរវកម្ម ការ​បំផ្លិចបំផ្លាញ ការ​គំរាមកំហែង​ដល់​ជីវិត និង​ទ្រព្យសម្បត្តិ​ជាដើម​។

៣- យុទ្ធសាស្ត្រ​ទី​៣៖ ការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​អន្ដរជាតិ​និង​កា​រត​ភ្ជាប់​ការ​ហោះហើរ​៖ ការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​អន្ដរជាតិ​និង​កា​រត​ភ្ជាប់​ការ​ហោះហើរ គឺ​ការ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​វិស័យ​អាកាស​ចរ​ស៊ី​វិល ដើម្បី​ផ្តល់​ជា​ប្រយោជន៍​នៅ​ក្នុង​ការ​បង្កើត​និង​ការ​ធ្វើ​ឱ្យ​មាន​ភាព​សុខដុម​នី​យ​កម្ម​រវាង​គោលនយោបាយ និង​ផែនទី​ម​គ្គុ​ទេស​ក៏​(roadmap)​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាកាស​ចរ​ស៊ី​វិល​នៅ​ក្នុង​អនុ​តំបន់ តំបន់ និង​ពិភពលោក​ទាំងមូល​។

៤- យុទ្ធសាស្ត្រ​ទី​៤៖ ការ​ពង្រឹង​សេវាកម្ម​នាំ​ផ្លូវអាកាស ៖ ការ​ពង្រឹង​សេវាកម្ម​នាំ​ផ្លូវអាកាស គឺ​ធានា​ឱ្យ​បាន​នូវ​ការ​នាំ​ផ្លូវ​ហោះហើរ​សម្រាប់​អាកាសយាន និង​សេវាកម្ម​ចរាចរណ៍​ដែនអាកាស​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ធានា​បាន​នូវ​ទំនុកចិត្ត​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដោយ​អនុលោម​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ ព្រមទាំង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នាំ​ផ្លូវ​ហោះហើរ​។

៥- យុទ្ធសាស្ត្រ​ទី​៥៖ ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ​-​អន្តរជាតិ​៖ ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​អាកាសយានដ្ឋាន ត្រូវ​ស្របគ្នា​ទៅ​នឹង​កំណើន​អ្នកដំណើរ​តាម​ផ្លូវអាកាស និង​ធ្វើ​ឲ្យ​វិស័យ​អាកាស​ចរ​ស៊ី​វិល​ឆ្លើយ​តប​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​ចំពោះ​តម្រូវការ​នានា​របស់​អ្នក​ប្រើប្រាស់​រួម​មាន​៖ អ្នកដំណើរ​តាម​ផ្លូវអាកាស ការ​ចុះ​ចត​អាកាសយាន​ប្រកបដោយ​ប្រសិទ្ធភាព ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​ស៊ី​វិល និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ប្រកប ដោយ​សុវត្ថិភាព ទំនុកចិត្ត និង​មាន​លក្ខណៈ​សេដ្ឋកិច្ច​។

៦- យុទ្ធសាស្ត្រ​ទី​៦៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​ពង្រឹងសមត្ថភាព​ស្ថាប័ន មន្ត្រី​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ត្រូវ​បាន​បណ្តុះបណ្តាល និង​បំពាក់បំប៉ន​ជំនាញ​មូលដ្ឋាន មធ្យម ជាន់ខ្ពស់ រួម​ទាំង រំលឹក​ឡើង​វិញ​ប្រកបដោយ​ជំនាញ​ជាក់លាក់ ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ​ដែល​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវការ​។

មន្ត្រី​មាន​សមត្ថភាព និង​ជំនាញ​អាកាស​ចរ​ស៊ី​វិល​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ការងារ​ស្រប​តាម​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ព្រមទាំង​លើកកម្ពស់​ការងារ​គ្រប់គ្រង​ស្ថាប័ន និង​ជួយ​គាំទ្រ​ដល់​ការ​អនុវត្ត​ការងារ បច្ចេកទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អាកាស​ចរ​ស៊ី​វិល​២០២១-២០២៥ គឺ​ស្រប​នឹង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងផែនការ ដែល​បាន​ជំរុញ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​រៀបចំ​ផែនការអភិវឌ្ឍន៍​តាម​វិស័យ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(​ផ​.​យ​.​អ​.​ជ​)៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9514171