Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្ត​ប៉ៃលិន​ឧបត្ថម្ភ​គ្រែ​អ្នកជំងឺ​ជាង​១០​គ្រឿង​ដល់​មន្ទីរពេទ្យ​បង្អែក​

​ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត អមដំណើរ​ដោយ​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត និង​ក្រុមការងារ បាន​ប្រគល់​គ្រែ​អ្នកជម្ងឺចំនួន​១៥ គ្រឿង និង​ភេសជ្ជៈចំនួន​២០​កេស ព្រមទាំង​ថវិកា​ចំនួន​២​លាន​រៀល ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ព្រមទាំង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទូ​ទាំង​ខេត្ត​ប៉ៃលិន ត្រូវ​សហការ​ជាមួយ​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​ចូលរួម​លើកកម្ពស់​អនាម័យ ដើម្បី​អនុវត្ត​នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺឆ្លង​នានា ជា​ពិសេស​ជំងឺឆ្លង​កូ​វីត​-១៩ ។

​លោក​​អភិបាលខេត្ត ក៍បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ត្រូវ​ខិតខំ​បំពេញការងារ​ឱ្យ​បាន​ច្បាស់លាស់ តាម​មុខ​ជំនាញ​រៀង​ៗ​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ការ​ផ្តល់​សេវា​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ ជា​ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​គ្រូពេទ្យ ដោយ​ប្រើ​ឥរិយា​បទ ពាក្យ​សំដី ឱ្យ​បាន​សមរម្យ​ជាមួយ​អ្នកជំងឺ ទើប​មានការ​គាំទ្រ និង​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​មក​វិញ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ ផា​ន់ ចាន់​ធុ​ល ក៍បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ក្រុម​គ្រូពេទ្យ​ជំនាញ ដែល​កន្លង​បាន​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ពិនិត្យ​តាមដាន​សុខភាព​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​សម្ដែង​ការ​លើកទឹកចិត្ត​ខ្ពស់​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រួម​សហការ​គ្នា​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានការ​សង្ស័យ ឬ​ទើប​វិល​មក​ពី​ក្រៅប្រទេស ឱ្យមក​ពិនិត្យ​សុខភាព និង​ចូលរួម​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ។

បើ​តាម​របាយការណ៍​របស់ លោក​វេជ្ជបណ្ឌិត កឹ​ម សំណាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ មន្ទីរពេទ្យ​បង្អែក​ខេត្ត មាន​អ្នកជំងឺ​ចំនួន ២៨​នាក់ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ ក្នុង​នោះ​ផ្នែក​សម្ភព​ចំនួន​១៤​នាក់ ផ្នែក​សង្គ្រោះ​បន្ទាន់​ចំនួន​៥​នាក់ ផ្នែក​វះកាត់​ចំនួន​១១​នាក់ និង​ផ្នែក​កុមារ​ចំនួន​១១​នាក់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9514102