ចិន៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា នៅក្នុងសោកនាដកម្មដ៏រន្ធត់ និងមិនទំនងមួយ ខណៈក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតពេលកំពុងតែរៀនហែលទឹកនៅថ្ងៃដំបូង នៅអាងទឹកសាធារណៈមួយក្នុងខេត្តជាំងស៊ូ ប្រទេសចិន។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន បានឱ្យដឹងថា នៅថ្ងៃដែលក្មេងប្រុសរូបនេះបានបាត់បង់ជីវិត គឺជាថ្ងៃដំបូងដែលក្មេងប្រុសរងគ្រោះរៀនហែលទឹកនៅអាងហែលទឹក ក្នុងក្រុង Suqian។ តាមរយៈវីដេអូស្មាតហ្វូន ដែលបានបង្ហាញពីហេតុការណ៍ក្រោយការលង់ទឹកដែលឃើញមានមនុស្សជាច្រើនរោមក្មេងម្នាក់នោះ ដើម្បីជួយសង្គ្រោះជីវិត។
បន្ទាប់ពីពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក្រុមគ្រួសាររបស់ក្មេងនោះបានឃើញថា មុនពេលបាត់បង់ជីវិត ក្មេងប្រុសរងគ្រោះបានស្រវ៉ាចាប់នេះចាប់នោះលើផ្ទៃទឹក ខណៈដែលកំពុងលង់ អស់រយៈពេលដល់ទៅជាង១០នាទី ទម្រាំតែមានអ្នកចាប់អារម្មណ៍។
វាមិនច្បាស់ទេថា តើក្មេងម្នាក់នេះលង់ទឹកអស់រយៈពេលប៉ុន្មាននាទី? មុនពេលមានអ្នកចាប់អារម្មណ៍។ ប៉ុន្តែអ្វីដែលមិនគួរឱ្យជឿនោះ គឺថា អាងទឹកនេះមិនធំទេ នៅតែគ្មានអ្នកណាម្នាក់បានឃើញក្មេងនោះកំពុងលង់ទឹកឡើយ។
មន្ត្រីមូលដ្ឋានបានបញ្ជាឱ្យបិទអាងហែលទឹក ដើម្បីធ្វើការកែតម្រូវបន្ថែម៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព