ខេត្តស្វាយរៀង៖ សាច់ជ្រូកជាទីពេញនិយមបរិភោគពីសំណាក់ប្រជាពលរដ្ឋខ្មែរក៏ដូចជនបរទេសដែលរស់នៅក្នុងខេត្តស្វាយរៀង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះចាប់តាំងពីមានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក និងការនាំជ្រូកពីប្រទេសជិតខាងច្រើន ប្រជាកសិករបានបោះបង់ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ក៏ដូចជាកសិដ្ឋានខ្នាតតូចដោយសារមានឈ្មួញនាំជ្រូករស់និងសាច់ជ្រូកពីប្រទេសជិតខាងចូលមកលក់ដែលមានតម្លៃថោកជាងជ្រូកដែលប្រជាកសិករចិញ្ចឹមតាមផ្ទះ ធ្វើឲ្យប្រជាកសិករដែលប្រកបមុខរបរចិញ្ចឹមជ្រូកមានការខាតដើមទុន ដោយគ្រួសារខ្លះខាតទុនហើយជំពាក់ប្រាក់ធនាគារឯកជនទៀតទើបបង្ខំចិត្តបោះបង់មុខរបរចិញ្ចឹមជ្រូករហូតស្ទើដាច់មេពូជជ្រូករហូតបច្ចុប្បន្ន។
បើតាមឈ្មោះកុលមួន ភេទប្រុស អាយុ៣៧ ជាអាជីវករចែកចាយជ្រូក រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាកន្លែងចែកចាយជ្រូកធំជាងគេនៅខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្ន នៅតាមទីផ្សារក្នុងខេត្តស្វាយរៀងមួយថ្ងៃត្រូវការជ្រូក១៥០ក្បាលទៅ២០០ក្បាលថ្ងៃខ្លះជាង២០០ក្បាល ។
តាមប្រភពដដែលបានបន្តថា ជ្រូករស់ដែលអាជីវករដើរប្រមូលទិញតាមផ្ទះក្នុង១ថ្ងៃបាន៥ក្បាលទៅ១០ក្បាលតម្លៃថោកជាងជ្រូករបស់ក្រុមហ៊ុននិងជ្រូកនាំចូលពីប្រទេសថៃ ដោយជ្រូកកសិករខ្មែរភាគច្រើនជ្រូកដែលមានខ្លាញ់ច្រើន ទិញ១គីឡូក្រាម៩,៥០០ទៅ១០,០០០រៀល(តាមពូជជ្រូក)លក់ចេញចែកចាយទៅឲ្យអាជីវករកាប់សាច់១គីឡូក្រាម១១,០០០រៀល ។ ជ្រូកក្រុមហ៊ុនស៊ីភី ក៏មានតិចដែរគឺ២ថ្ងៃ ក្រុមហ៊ុនដឹកមកចែកឲ្យតែ៣៥ក្បាលប៉ុណ្ណោះ តម្លៃជ្រូករស់លក់ចែកឲ្យតាមទីសត្តឃាត១គីឡូក្រាម ១៤,៥០០រៀល ។
តាមប្រភពដដែលបានបន្តទៀតថា ជ្រូករស់នាំមកពីប្រទេសថៃ ទទួលពីក្រុមហ៊ុនសីវម៉ី ក្នុង១ថ្ងៃ១៥០ក្បាលទៅ២០០ក្បាល តម្លៃជ្រូករស់ទិញចូល១គីឡូ១២,០០០រៀលលក់ចេញទៅឲ្យអាជីវករទូទាំងខេត្តស្វាយរៀង ១គីឡូ១៤,០០០រៀល ។
បើតាមអាជីវករលក់សាច់ជ្រូកនៅផ្សារវាលយន្ត ក្រុងស្វាយរៀង បានឲ្យដឹងថា តម្លៃសាច់ជ្រូកលក់ចេញនៅលើផ្សារ សាច់សុទ្ធ ១គីឡូក្រាម២៥,០០០រៀល សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺនរៀល ឆ្អឹងជំនីរ ១គីឡូក្រាម២៥,០០០រៀល ពោះជ្រូក១គីឡូក្រាម ២ម៉ឺនរៀល។
បើតាមអ្នកធ្លាប់ចិញ្ចឹមជ្រូកនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានឲ្យដឹងថា រូបគាត់ក៏ដូចជាអ្នកចិញ្ចឹមជ្រូកផ្សេងទៀតដែរបានឈប់ចិញ្ចឹមជ្រូក៤ឆ្នាំមកហើយ ដោយសារឈ្មួញនាំជ្រូកពីប្រទេសជិតខាងច្រើនធ្វើឲ្យជ្រូកប្រជាកសិករខ្មែរធ្លាក់តម្លៃ ។ ក្រោយមកទៀតមានផ្ទុះជម្ងឺប៉េសជ្រូកអាហ្វ្រិកទៀតគឺសម្រេចចិត្តឈប់ចិញ្ចឹមតែម្តង គឺលក់មេជ្រូកពូជ អស់ហើយនិងខ្លះបានវាយកំទេចទ្រុងចោលទៀត បើចិញ្ចឹមវិញគឺត្រូវការពេលវេលានិងដើមទុនច្រើន ។
តាមប្រភពដដែលបានបន្តថា បើរាជរដ្ឋាភិបាលជម្រុញឲ្យប្រជាពលរដ្ឋចិញ្ចឹមជ្រូកឡើងវិញ គួរតែបង្កើតច្បាប់គ្រប់គ្រង និងចងក្រងសហគមន៍ចិញ្ចឹមជ្រូក ហើយធានាតម្លៃទីផ្សារឲ្យមាននិរន្តរភាព ដោយរាជរដ្ឋាភិបាល ផ្តល់ប្រាក់កម្ចីដល់កសិករ ហើយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដាក់ផែនការឲ្យមន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តចុះបង្រៀនជំនាញបច្ចេកទេសនិងជួយអន្តរាគមន៍ពិនិត្យព្យាបាលពេលជ្រូកមានជម្ងឺ ជាអ្នកសិក្សាតម្រូវការទីផ្សារ ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានតាមតម្រូវការនោះទើបអាចចញ្ចឹមជ្រូកឡើងវិញមានប្រសិទ្ធិភាព៕ ផ្លល់សិទ្ធិដោយ៖ កោះសន្តិភាព