រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ តាមពាក្យបណ្តឹងផ្ទាល់មាត់របស់បុរសជនជាតិវៀតណាមម្នាក់ ដែលចោទប្រកាន់ស្ត្រីជាជនសង្ស័យថា លួចយកកាបូបលុយមានទឹកប្រាក់ ២ពាន់ដុល្លារ បានសម្រេចនាពេលកន្លងទៅ ។
ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី២១ កក្ដដា ២០២០ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានអោយដឹងថា ស្ត្រីដែលកម្លាំងនគរបាលបានឃាត់ខ្លួនមានឈ្មោះ សុខ អ៊ាងមួយ អាយុ២៩ឆ្នាំ មានមុខរបររកស៊ីផ្លូវភេទ ស្នាក់នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ និងបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនមានឈ្មោះ យួន ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានបន្តឲ្យដឹងថា ចំណែកឯជនរងគ្រោះ ជាជនជាតិវៀតណាម មានឈ្មោះ PHAN VAN DAT ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅមហោស្រព ខេត្តសៀមរាប ។ បុរសជនជាតិវៀតណាម បានប្រទះឃើញស្ត្រីខាងលើ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច បានម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់ ដោយចោទប្រកាន់ស្ត្រីរកស៊ីផ្លូវភេទរូបនេះថា បានលួចកាបូបលុយ ដែលសម្ភារបាត់បង់មានលុយចំនួន ២០០០$ (ពីរពាន់ដុល្លារ), អត្តសញ្ញាណប័ណ្ណវៀតណាម ១សន្លឹក និងកាតអេធីអឹម AgriBank ១សន្លឹក ។
បុរសជនជាតិវៀតណាម បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គិតមកទល់ពេលនេះគឺមានរយៈពេល២០ថ្ងៃហើយ រូបគាត់បានមកលេងនៅភ្នំពេញ ដោយចូលកន្លែងផឹកស៊ី រហូតដល់ស្រវឹង រួចហើយ ក៏ជិះកង់បីឥណ្ឌាមួយគ្រឿង មកម្តុំមាត់ទន្លេ តាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងបំណងទៅរកសេវាផ្លូវភេទ ហើយក៏បានប្រទះឃើញស្ត្រី ២នាក់ កំពុងតែឈរនៅទីនោះ ទើបរូបគាត់ ក៏បបួលស្ត្រីទាំង២នាក់ទៅដេកជាមួយ ក្នុងតម្លៃ៥០ដុល្លារ ហើយបានយកស្ត្រីរកស៊ីផ្លូវភេទទាំង២ ទៅដេកនៅផ្ទះសំណាក់មហាសម្បត្តិ នៅលើផ្លូវទំនប់៧០ ។ បន្ទាប់ពីគេងជាមួយគ្នារួច ស្ត្រីសង្ស័យបានចេញទៅមុនបាត់ ពេលគាត់ឆែកមើលកាបូប ទើបដឹងថា បាត់ទាំងលុយអស់ ២,០០០ដុល្លារ នាវេលាម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី២ ខែកក្កដា ។
បើតាមសម្ដីរបស់បុរសវៀតណាម បន្តទៀតថា រហូតមកដល់យប់ថ្ងៃទី២១ កក្ដដា ២០២០ ទើបរូបគាត់ បានប្រទះឃើញស្ត្រីជនសង្ស័យ ឈ្មោះ សុខ អ៊ាងមួយ ដោយចៃដន្យ កំពុងតែឈររកស៊ី នៅលើផ្លូវព្រះស៊ីសុវត្ថិ ទើបគាត់ឃាត់ខ្លួន ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីយកទៅសួរនាំ ដោយចោទប្រកាន់ថា ស្ត្រីឈ្មោះ សុខ អ៊ាងមួយ នេះគឺជាអ្នកលួចកាបូប គាត់នៅចាំមុខច្បាស់ណាស់ ។
នៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ស្ត្រីឈ្មោះ សុខ អ៊ាងមួយ បានបដិសេធចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានលួចកាបូបលុយរបស់ជនរងគ្រោះនោះទេ គឺនារីម្នាក់ទៀត ឈ្មោះ យួន ជាអ្នកលួច តែប៉ុណ្ណោះ ។
ទោះជាយ៉ាងណា បុរសជនជាតិវៀតណាម បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការស្ត្រីសង្ស័យ ទៅតាមនិតិវិធីផ្លូវច្បាប់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព