Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាសាទ​ព្រះ​ខ័ន ​សមរភូមិ​ចុង​ក្រោយដែល​ព្រះ​បាទ​ជយវរ្ម័នទី ៧ បាន​ផ្តួល​រំលំ​ពួក​ចាម

ប្រាសាទ​ព្រះ​ខ័ន មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​វិមាត្រ​ប្រវែង ៨០០ ម. x ៧០០ ម. សង់​ឡើង​នៅ​រជ្ជកាល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ តែ​ពុំ​បាន​សង់​រួច​នៅ​ក្នុង​សម័យ​ព្រះ​អង្គ​ទេ មហាក្សត្រ​ក្រោយៗ បាន​សង់​បន្ថែម​បន្ដ​បន្ទាប់​នៅ​គ្រិស្តសតវត្ស​ទី ១២ – ១៣។ ក្បាច់​រចនា​នៃ​ប្រាសាទ មាន​លក្ខណៈ​ដូច​ជា​ប្រាសាទ​បន្ទាយ​ក្ដី និង​ប្រាសាទ​តា​ព្រហ្ម​ដែរ។ ប្រាសាទ​ព្រះ​ខ័ន ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ ដោយ​ចេញ​តាម​ផ្លូវ​ទ្វារ​ដី​ឆ្នាំង​នៃ អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​ឡើង​នៅ​គ្រិស្តសតវត្យរ៍​ទី ១២ ក្នុង​ឆ្នាំ ១១៩១ ដោយ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ឧទ្ទិស​ដល់​ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ។ ទី​អារាម​នេះ មាន​ទំហំ ៥៦ ហិចតា។ តាម​សិលាចារឹក​ថា​ ប្រាសាទ​នេះ​សាង​សង់​នៅ​សមរភូមិ​ចុង​ក្រោយ ដែល​ព្រះ​បាទ​ជយវរ្ម័ន ​ទី ៧ បាន​ផ្តួល​រំលំ​ពួក​ចាម។

ប្រាសាទ​នេះ​មាន​កំពែង​បួន​ជាន់។ នៅ​កំពែង​ខាង​ក្រៅ ដែល​បច្ចុប្បន្ន​រុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ គឺ​ជា​កន្លែង​ដែល​ព្រះ​សង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់​ទី​ពីរ គឺ​ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្តាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ឯ​ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មមញ្ញសាសនា គឺ​ព្រះនារាយណ៍ (ព្រះ​វិស្ណុ) (ខាង​លិច) និង​ព្រះ​​ឥសូរ (ព្រះ​សិវៈ) (ខាង​ជើង)។ នៅ​ផ្នែក​ខាង​ត្បូង ជា​កន្លែង​សម្រាប់​គោរព​បុព្វជន។

ប្រាសាទ​ព្រះ​ខ័ន​ត្រូវ​បាន​ក​សាង​នៅ​លើ​តំបន់​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ទទួល​ជ័យ​ជំនះ​លើ​ការ​ឈ្លាន​ពាន​របស់​ពួកចាម ក្នុង​ គ.ស. ១១៩១។ ឈ្មោះ​នៃ​ប្រាសាទ​មាន​ន័យ​ថា ព្រះ​ខ័ន​ជ័យ (ដាវ​ជ័យ) ដែល​យក​ឈ្មោះ​ពី​បុរាណ ជ័​យស្រី (ទី​ក្រុង​ជ័យ​ជំនះ​ដ៏​ពិសិដ្ឋ)។

ទីតាំងដែលមានប្រាសាទសំខាន់បីគឺប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទនាគព័ន្ធត្រូវបានគេដាក់ឈ្មោះថា នគរជយស្រី មានន័យថាទីក្រុងនៃព្រះខ័នជ័យ។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅចំកណ្តាលអតីតនគរជយស្រីសម្រាប់ឧទ្ទិសថ្វាយជូនដល់ព្រះបិតារបស់ព្រះបាទជយវម្ម៌ទី៧ ព្រះនាមធរណិន្រ្ទវម្ម៌ ក្នុងទម្រង់ជាបដិមាព្រះពោធិសត្វអវលោកេស្វរៈ​ ដែលមាននាមថា ជយវម្ម៌ស្វេរ នៅឆ្នាំ១១៩១។ លើសពីនេះទៅទៀតនៅអឡុងពេលនៃការជួសជុលរាជធានីយសោធរបុរ ឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញ់ដោយកងទ័ពចាម ហើយវាមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនា និងព្រហ្មញសាសនាផង។

ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុបនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជយវម្ម៌ទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ១១៨១។

តាមរយៈព័ត៌មានសិលាចារិកព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម (ប៉ុន្តែលោកហ្សក សឺដែស្តថា បដិមាទេវៈផ្សេងៗមានចំនួ​ន​ ៤៣០) និងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ (ប៉ុន្តែលោក ហ្សក សឺដែស្ត ថាស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាងព្រះរាជទ្រព្យ ឬដោយភូមិចំនួន ៥៣២៥ ដែលមានមនុស្សទាំងពីរភេទចំនួន៨៧,៨៤០នាក់)។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងព្រលឹងព្រះបិតាព្រះរាជា។

from: https://tnaot.com/km/m/detail/article/9513915