រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាលថ្មីៗ នេះបានលើកឡើងថាបុគ្គលនីមួយៗ អាចមានអារម្មណ៍ ស្រងូតស្រងាត់ ឬច្របូកច្របល់ និងអាចបណ្តាលឱ្យមានអារម្មណ៍អស់សង្ឃឹម និងភ័យខ្លាច ដូច្នេះវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនដើម្បី កុំអ្នកមានអារម្មណ៍ថាកើតជំងឺផ្លូវចិត្តនោះ គឺក្រសួងបានណែនាំឲ្យ អនុវត្តការស្មិងស្មាធិ៍។
ក្នុងនោះផងដែរ ក្រសួងសុខាភិបាលក៏បានណែនាំចំពោះក្រុមគ្រួសារ ឬបុគ្គលដែលតម្រូវឱ្យអនុវត្តវិធានការចត្តាឡីស័កចំនួន ១៤ថ្ងៃ ថាពួកគេត្រូវមានចិត្តសប្បុរសនឹងអ្នកដទៃ និងផ្តល់ជំនួយជួយអ្នកដទៃនៅពេលដែលគេត្រូវការ មិនមែនជួយតែមនុស្សដែលអ្នកស្គាល់នោះទេ ពីព្រោះវាក៏អាចជួយអ្នកវិញដែរ។ រិះរកថាតើមានវិធីអ្វីដែលអាចជួយអ្នកដទៃដែលនៅជុំវិញអ្នកដែរឬទេ?
សម្រាប់បុគ្គលដែលត្រូវអនុវត្តចត្តាឡីស័ក និងសាច់ញាតិបងប្អូន គួរដឹងថា នៅពេលអនុវត្ត ការដាក់ឱ្យនៅដាច់ដោយឡែក ឬចត្តាឡីស័កចំនួន ១៤ថ្ងៃ បុគ្គលនីមួយៗ អាចមានអារម្មណ៍ ស្រងូតស្រងាត់ ឬច្របូកច្របល់ និងអាចបណ្តាលឱ្យមានអារម្មណ៍អស់សង្ឃឹម និងភ័យខ្លាច។ ដើម្បីដោះស្រាយនូវភាពតានតឹងផ្លូវចិត្តទាំងនេះ បុគ្គលម្នាក់ គួរអនុវត្តនូវវិធីដូចខាងក្រោម ៖
១ – ត្រូវទទួលយក និងយល់ថាពេលវេលានោះ ជាពេលវេលាពិសេស និងខុសពីពេលមុន ទោះបីជាយើងមិនចង់ឃើញក៏ដោយ ។
២ – ត្រូវរក្សាទំនាក់ទំនង និងរកវិធីផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដទៃ រូមមានបញ្តាញទំនាក់ទំនងសង្គម អ៊ីម៉ែល និងទូរស័ព្ទ ។
៣ – មិនត្រូវឱ្យភាពភ័យខ្លាចប៉ះពាល់ដល់ការប្រាស្រ័យទាក់ទង របស់អ្នកជាមួយអ្នកដទៃ។ ត្រូវគិតថាយើងទាំងអស់គ្នាជួបនឹងបញ្ហានេះទាំងអស់គ្នា ។
៤ – ត្រូវមានការងារប្រចាំថ្ងៃ ជាអាទិភាពដែលអ្នកចូលចិត្ត ដូចជាអានសៀវភៅ មើលតន្ត្រីកំសាន្ត ជាដើម ។
៥ – នាំមកនូវផលចំណេញខ្លះមកវិញ បើសិនជាយើងរៀនសូត្រពីវា ។
៦ – ត្រូវកំណត់ការទទួលយកព័ត៌មាន ដោយត្រូវកំណត់ពេលវេលាប្រចាំថ្ងៃ និងប្រភពព័ត៌មានឱ្យបានច្បាស់លាស់ដោយត្រូវធានា ឱ្យច្បាស់ថាព័ត៌មានមានប្រភពជឿទុកចិត្តបាន ។
៧- កាត់បន្ថយជាអតិបរមានូវការអាន ការមើលព័ត៌មានណា ដែលធ្វើឱ្យមានភាពតានតឹង ទុក្ខព្រួយ ស្រងូតស្រងាត់ ឬស្លន់ស្លោ ។
៨ – ការសម្រួលអារម្មណ៍ ត្រូវអនុវត្តការស្មឹងស្មាធ ក្នុងស្ថានភាពអង្គុយ ឬដេក (សមាធិ) រៀងរាល់ថ្ងៃ ក្នុង១ ថ្ងៃ ២ទៅ ៣ដង ដោយដកដង្ហើមវែងៗ ជ្រៅៗ រយៈពេល ៦នាទី ៧នាទីម្តង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព