ក្រុមបិសាចក្រហម Manchester United មានឱកាសចុះកុងត្រានាំយក Virgil van Dijk មកកាន់ក្លឹបនាពេលដែលគេនៅ Southampton, នេះបើតាមអតីតគ្រូបង្វឹកម្នាក់និយាយ។
Van Dijk បានចាកចេញពី Southampton ចូលរួមជាមួយក្រុមហង្សក្រហម Liverpool ក្នុងតម្លៃកំណត់ត្រានាពេលនោះ ៧៥លានផោន សម្រាប់ខែ្សការពារ។
រូបគេគិតមកត្រឹមពេលនេះបានជួយក្រុមឈ្នះពានរង្វាន់មួយចំនួនដូចជា Champions League, Premier League ជាដើម។
បើយោងតាមលោក Rene Meulensteen អតីតជំនួយការគ្រូបង្វឹកជំនាន់លោក Sir Alex Ferguson បានឲ្យដឹងថា United ក៏ត្រូវបានផ្ដល់ជាសញ្ញាក្នុងការនាំយកខែ្សការពារសញ្ជាតិហូឡង់នេះមកកាន់ក្លឹបដែរ ប៉ុន្ដែពួកគេនៅមានភាពស្ទាក់ស្ទើរទើបធើ្វឲ្យ Liverpool យកបានតែម្ដង។
«និយាយដោយស្មោះទៅ ខ្ញុំក៏បានដឹងរឿងនេះដែរ ពេលដែល Van Dijk នៅ Southampton, មានសំណួរជាច្រើនបានចោទសួរថា Manchester United គួរតែនាំ van Dijk មកកាន់ក្លឹបដែរទេ» Meulensteen និយាយប្រាប់គេហទំព័រ Pundit Arena។
«ប៉ុន្ដែពួកគេហាក់បីដូចជាមិនអើរពើលើរឿងនេះ ទើបតែធើ្វឲ្យ Liverpool មើលឃើញនូវសក្ដានុពលដែល Van Dijk មាន, ទាំងកម្លាំង ល្បឿន ភាពរឹងមាំ និងអ្វីគ្រប់យ៉ាង»៕
ប្រភព៖ Sportbibble