ក្រុមហ៊ុននីមួយៗជួបនឹងការលំបាកក្នុងការសម្រេចថាគួរតែបណ្តុះបណ្តាលបុគ្គលិកដែលមានស្រាប់សម្រាប់តំណែងខ្ពស់ៗ ឬជ្រើសរើសអ្នកមានសមត្ថភាពសម្រាប់តំណែងនោះតែម្តង ។
ជាក់ស្តែង ការបណ្តុះបណ្តាលបុគ្គលិកសម្រាប់តំណែងខ្ពស់ៗមានសារៈប្រយោជន៍ជាច្រើនព្រោះបុគ្គលិករបស់អ្នកយល់ច្បាស់ពីវប្បធម៌ការងារក្នុងក្រុមហ៊ុន និងមានទំនាក់ទំនងរឹងមាំជាមួយអ្នកដទៃទៅហើយ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាចទទួលបានអត្ថប្រយោជន៍ពីការរក្សាបុគ្គលិកល្អៗក្នុងក្រុមហ៊ុនផងដែរ ។
ជាទូទៅ ក្រុមហ៊ុនដែលគួរតែជ្រើសរើសយុទ្ធសាស្ត្របណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនស្រាប់ត្រូវតែកំពុងបន្តលូតលាស់ កំពុងត្រូវការតំណែងដែលទាមទារជំនាញខុសៗគ្នា និងក្រុមហ៊ុនដែលមានវប្បធម៌ការងារច្បាស់លាស់ដែលមនុស្សក្រៅក្រុមហ៊ុនពិបាកនឹងចូល ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលចៅហ្វាយអាចជំរុញកូនចៅរបស់ខ្លួនក្នុងក្រុមហ៊ុនឲ្យឡើងឋានៈបាន ៖
១. កំណត់គោលដៅនេះឲ្យបានច្បាស់លាស់
ជាក់ស្តែងស្ថាប័នការងារគួរតែប្រាប់ឲ្យបានច្បាស់ពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍អាជីពរបស់បុគ្គលិក ។ កត្តាដែលសំខាន់គឺតម្លាភាព ឲ្យក្រុមហ៊ុនគួរតែកំណត់ផ្លូវច្បាស់លាស់ដែលបុគ្គលិកត្រូវដើរ និងជំនាញដែលត្រូវការដើម្បីអាចឡើងឋានៈបាន ។
២. តាមដានលទ្ធផលការងាររបស់បុគ្គលិក
ការបង្កើតការងារពិបាកៗ និងគោលដៅក្នុងការងារដែលបុគ្គលិកអាចព្យាយាមសម្រេចក៏មានសារៈសំខាន់ដែរក្នុងការជំរុញទឹកចិត្តឲ្យពួកគេបន្តខិតខំប្រឹងប្រែង ។ ជំនាញមួយចំនួន បុគ្គលិកអាចរៀនសូត្រដោយខ្លួនឯងបានដូចជាការចូលរួមវគ្គហ្វឹកហាត់ខ្លីៗជាដើម ប៉ុន្តែជំនាញមួយចំនួនទៀតត្រូវបានរៀនតាមរយៈការធ្វើការជាក្រុម ឬការចែករំលែកចំនេះដឹងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងក្រុមហ៊ុន ។
៣. ផ្តល់ការលើកទឹកចិត្ត
ជាទូទៅ បុគ្គលិកខិតខំប្រឹងប្រែងខ្លាំង និងមានផែនការធ្វើការក្នុងក្រុមហ៊ុនបានរយៈពេលយូរពេលដែលពួកគេគិតថាពួកគេអាចមានឱកាសឡើងឋានៈបាន ។ ដូច្នេះក្រុមហ៊ុនត្រូវតែបង្កើតពេលវេលាដែលបង្ហាញពីការមើលឃើញសមត្ថភាពរបស់ពួកគេ និងលើកទឹកចិត្តពួកគេឲ្យបន្តខិតខំជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព