ខណៈដែលមនុស្សគ្រប់រូបបានកាត់បន្ថយការធ្វើដំណើរ និងការកម្សាន្តនៅក្រៅព្រោះតែការផ្ទុះជំងឺកូវីដ ១៩ វាក៏បានបង្កើតនូវឱកាសល្អសម្រាប់ការសន្សំលុយដែរ ជាពិសេសសម្រាប់អ្នកដែលនៅបន្តទទួលបានប្រាក់ចំណូលនឹងនរ ។ ជាមួយលុយដែលនៅសល់ទាំងនេះ តើអ្នកគួរប្រើវាយ៉ាងដូចម្តេចខ្លះ?
១. សម្របខ្លួនទៅនឹងបរិស្ថានបច្ចុប្បន្ន
ដើម្បីធានាថាអ្នកមិនខ្ជះខ្ជាយលុយដែលបានសន្សំមកទេ អ្នកត្រូវដឹងថាលុយទាំងនេះនឹងអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបានយូរប៉ុនណា ។ វិធីងាយស្រួលមួយគឺការតាមដានការចាយវាយរបស់អ្នកដើម្បីដឹងថា តើអ្នកមានថវិកាគ្រប់គ្រាន់សម្រាប់ពេលវែងទៅមុខទេ ។
២. បង្កើនថវិកាទុកពេលមានអាសន្ន
ការផ្ទុះនៃជំងឺកូវីដ ១៩ នេះបានបង្ហាញការពិតជាក់ស្តែងប្រាប់មនុស្សគ្រប់គ្នាពីសារៈសំខាន់នៃការមានថវិកាបម្រុងទុកគ្រាអាសន្ន ។ អ្នកជំនាញផ្តល់យោបល់ឲ្យមនុស្សម្នាក់ៗសន្សំទុកយ៉ាងតិចណាស់ស្មើការចាយវាយប្រចាំថ្ងៃកំឡុងពេល ៣ទៅ ៦ខែ ។ ដូច្នេះប្រសិនបើអ្នកមិនមានថវិកាគ្រប់គ្រាន់ដូចចំនួនដែលបានលើកឡើងនេះទេ អ្នកគួរតែពិចារណាបង្កើនថវិកាបម្រុងនេះសម្រាប់ថ្ងៃអនាគត ។
៣. សន្សំសម្រាប់គោលដៅរបស់អ្នក
ប្រសិនបើអ្នកកំពុងតែសន្សំសម្រាប់ការចាយវាយធំៗដូចជាការទិញផ្ទះ អ្នកគួរតែសន្សំឲ្យបានច្រើនក្នុងពេលនេះ ឬទាញអត្ថប្រយោជន៍ពីអត្រាការប្រាក់ដែលចុះទាប ។ ប្រសិនបើអ្នកកំពុងមានកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ ការសងក្នុងកំឡុងពេលអត្រាការប្រាក់ចុះទាបអាចជួយឲ្យអ្នកសន្សំថវិកាបានជាច្រើននៅថ្ងៃមុខ ។
៤. សន្សំសម្រាប់គោលដៅរយៈពេលវែង
ពេលដែលអ្នកទុកប្រាក់សន្សំសម្រាប់គោលដៅតូចៗហើយអ្នកនៅមានថវិកានៅសល់ទៀតនោះ អ្នកអាចគិតឲ្យបានវែងឆ្ងាយជាងនោះទៀតបានដូចជាការសន្សំសម្រាប់ចូលនិវត្តន៍ ឬការវិនិយោគដែលអាចនឹងនាំយកផលចំណេញឲ្យអ្នកក្នុងពេលវែងទៅមុខជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព