
ស្នេហាវ័យកណ្តាល ស៊ឹម សូលីកា និងលោក អេង ឬទ្ធី កាន់តែស្អិតផ្អែមមិនចាញ់ក្មេងៗប៉ុន្មាននោះទេ
រាជធានីភ្នំពេញ ៖ រយៈពេលជិត១ឆ្នាំមកហើយ ដែលពិធីការិនីឆ្នើមត្រកៀកធំ និងសំបុរស្រអែមស្រស់ អ្នកនាង ស៊ឹម សូលីកា និងពិធីករល្បីឈ្មោះ លោក អេង ឬទ្ធី បានសម្រេចចិត្តរៀបការតាមប្រពៃណី បន្ទាប់ពីមានទំនាក់ទំនងស្នេហា និងស្គាល់គ្នាជាដៃគូការងារអស់រយៈពេលជិត២០ឆ្នាំ នៅក្នុងអាជីពសិល្បៈមួយនេះ ។
ធ្លាប់តែជាដៃគូការងារ រហូតក្លាយជាដៃគូជីវិតរួមសុខរួមទុក្ខក្នុងដំណើរជីវិតគ្រួសារទៅមុខ គូស្នេហ៍ដែលចាប់ផ្តើមស្នេហានៅក្នុងវ័យកណ្តាលមួយគូនេះ បានធ្វើអោយមហាជនសរសើរមិនដាច់ពីមាត់អំពីភាពផ្អែមល្អែម ស្អិតរមួតដូចស្ករតាំងម៉ែ ដែលអ្នកទាំងពីរបានផ្តល់អោយគ្នាទៅវិញទៅមក និងបានចែករំលែកក្តីសុខរបស់ពួកគេដល់អ្នកគាំទ្រតាមរយៈការបង្ហោះរូបភាពស្វីតៗនៃស្នេហាវ័យចំណាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។
យ៉ាងណាមិញ មហាជនតែងតែសង្កេតឃើញថា ពិធីការិនី អ្នកនាង ស៊ឹម សូលីកា តែងតែងបង្ហាញរូបភាពជាមួយនឹងស្វាមីដែលធ្វើអោយអ្នកគាំទ្រមួយចំនួនច្រណែនជំនួសរវាងគូស្នេហ៍អ្នកទាំងពីរដោយកាលពីពេលថ្មីៗនេះពិធីការិនីរូបនេះបានសរសេរមួយឃ្លាមានខ្លឹមសារយ៉ាងជ្រាលជ្រៅទៅលើលោក អេង ឬទ្ធី ថា « ពួកយើងនៅតែទទួលអារម្មណ៍ថា ជាថ្ងៃថើបដំបូង ១៨/១៩ / first LOVE ខ្ញុំ និងគាត់ជាមិត្ត ជាបងប្អូន ជិត២០ឆ្នាំ ទម្រាំមានថ្ងៃនេះ ( ជាប្ដីប្រពន្ធស្របច្បាប់តាមគន្លងប្រពៃណី ) មិនមែនជារឿងងាយស្រួលនោះឡើយ ។ បងមិនមែនជាមនុស្សដំបូងរបស់អូនក៏ពិតមែន តែបង គឺជាបុរសដែលធ្វើអោយអូនមានអារម្មណ៍ថា បងជាមនុស្សប្រុសចុងក្រោយក្នុងឆាកជីវិតរបស់អូន អរគុណបងដែលយល់ច្បាស់ពីអូន ហើយតែងតែអធ្យាស្រ័យ និងផ្ដល់គ្រប់យ៉ាងដែលអូនប្រាថ្នាចង់បាន អរគុណឧត្តមស្វាមី ប្ដីសម្លាញ់ចិត្ត» ។
គួរបញ្ជាក់ផងដែរ អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី កំពុងតែមានសេចក្តីសុខជាមួយនឹងជិវិតគូជាមួយគ្នា ពីព្រោះតែអ្នកទាំងពីរតែងតែបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកមិនចាញ់ក្មេងៗនោះ និងបានរស់នៅក្នុងជីវិតសំបូរសប្បាយរស់នៅផ្ទះវីឡាដ៏ស្កឹមស្កៃ មានរថយន្តទំនើបជិះផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព