រថយន្តផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្នតម្រូវឱ្យដូរ ឬរងការផាកពិន័យ
រាជធានីភ្នំពេញ ៖ តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? ចុះផ្លាកលេខដែលមានសេរីអក្សរ AT តើតម្រូវឱ្យប្តូរថ្មី ឬអាចប្រើប្រាស់បាន?
យោងតាមការបង្ហាញពីភាពខុសគ្នាផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់ដូចនេះថា សម្រាប់រថយន្តដែលមានបំពាក់ផ្លាកលេខរាជធានី-ខេត្ត សេរីអក្សរ AT គឺអាចប្រើប្រាស់បានធម្មតា មិនតម្រូវឱ្យប្តូរថ្មីនោះទេ។ ផ្លាកលេខមានទម្រង់ ភ្នំពេញ 2AT – 0000 មានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្ដបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។
ក្រសួងបានបន្តថាចំពោះ ផ្លាកលេខរថយន្ត AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន ដែលតម្រូវឱ្យប្តូរ និងធ្វើការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការមកបន្តសុពលភាពនោះ មានទម្រង់ AT20 2–0000 មានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។ ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់តែមួយឆ្នាំគត់ ដោយបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ និងត្រូវបន្តសុពលភាពរៀងរាល់ឆ្នាំ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ។
គួរបញ្ជាក់ផងដែរថា ទាក់ទិននឹងផ្លាកលេខនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការផ្តល់សេវាសាធារណៈ ដោយក្រសួងក្នុងនោះ មានសេវាសាធារណៈមួយចំនួនតម្រូវឱ្យមានការបង់ផាកពិន័យចំពោះការយឺតយ៉ាវលើសពី ៣០ថ្ងៃឡើងទៅក្នុងការបន្តសុពលភាព។ ក្រសួងនឹងអនុវត្តការផាកពិន័យនេះ ដោយគិតចាប់តាំងពី ថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២០ ចំពោះភាពយឺតយ៉ាវ ឬមិនបានមកបន្តសុពលភាពលើការប្រើប្រាស់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង រួមមាន ៖
១)- លិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
២)- ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ
៣)- ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៤)- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព