ចិន៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា ស្ត្រីចំណាស់ម្នាក់ និងកូនស្រី ថ្មីៗនេះត្រូវបានគេរកឃើញជាប់នៅក្នុងជណ្តើរយន្តនៃផ្ទះវីឡារបស់ពួកគេ ហើយត្រូវរស់នៅទីនោះដោយផឹកទឹកនោមខ្លួនឯង។
ស្ត្រីអាយុ៨៤ឆ្នាំ និងកូនស្រីអាយុ៦២ឆ្នាំ បានជាប់នៅក្នុងជណ្តើរយន្តនៃផ្ទះរបស់ពួកគេនៅទីក្រុងស៊ីអាន អស់រយៈពេល៤ថ្ងៃ៣យប់ដែលមិនគួរឱ្យជឿ ខណៈដែលក្រុមគ្រួសាររបស់ពួកគេនៅខាងក្រៅទីក្រុង ដើរលេងសប្បាយ។
ពួកគេមិនបានយកទូរស័ព្ទដៃ ទៅជណ្តើរយន្តទេ។ ដូចនេះ ពួកគេមិនមានមធ្យោបាយក្នុងការអំពាវនាវរកជំនួយ នៅពេលវាគាំងឡើយ។ សំណាងល្អ ពីរនាក់ម្តាយ និងកូនស្រីរកឃើញរន្ធសម្រាប់ដកដង្ហើមតាមរយៈប្រហោងតូចមួយ។ តែសម្រាប់ការផឹកទឹកវិញ គឺត្រូវតែនោមហើយផឹកទៅវិញ ដើម្បីរស់។
នៅទីបំផុត ស្រី្តជាកូនស្រីបានទាញទ្វារបង្ហើបបានបន្តិច ហើយក៏ស្រែកសុំឱ្យគេជួយ។ ជាមួយគ្នានេះដែរ ស្ត្រីជាម្តាយ ហត់នឿយខ្លាំង និងខ្វះជាតិទឹក បន្ទាប់ពីជាប់គាំងអស់ពេលយ៉ាងយូរ។
វេជ្ជបណ្ឌិតបានពន្យល់ថា បើទោះបីជាទឹកនោមមិនមែនជាអ្វីដែលយើងគួរផឹក តែវាអាចជួយបំពេញជាតិទឹកឱ្យយើងបាននៅពេលអាសន្ន។ បើគ្មានទឹកមកពីទឹកនោមនេះទេ ម្តាយនិងកូននេះមិនអាចរស់បានទេ។
ទាំងម្តាយ និងកូនស្រីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមកគេហដ្ឋានវិញហើយ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព