រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២០ នេះថា ផ្លូវជាតិលេខ៣នឹងបញ្ចប់ការសាងសង់ ទៅតាមគម្រោងផែនការដោយគ្មានការរំខាន ពីជំងឺកូវីដ-១៩ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះគឺសម្រេចបានប្រមាណជាង ៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩ កំពុងរាតត្បាតដែលធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លះក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣នៅតែបន្តកសាងយ៉ាងសកម្មអោយបានចប់ទៅតាមគម្រោងផែនការ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ផ្លូវជាតិលេខ ៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព