រាជធានីភ្នំពេញ ៖ ជាផ្លូវការអ្នកស្រីកែវ ឡេង ជាវីរកីឡាការិនីប៉េតង់របស់កម្ពុជា ហើយគាត់ជាម្ចាស់មេដាយមាស ប៉េតង់ពិភពលោក ៤ជំនាន់ និងទទួលបានមេដាយមាស ប្រាក់និង សំរឹទ្ធ ច្រើនជាង៤០មេដាយទៀត។ ជាភាសាសាមញ្ញមនុស្សទូទៅ ហៅអ្នកស្រី ថាជាស្តេចប៉េតង់ ។
អាយុជិត៥០ឆ្នាំ អ្នកស្រី កែវ ឡេងបានប្រកាសនិវត្តន៍នៅក្នុងឆ្នាំ២០២០នេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរវីរកីឡាការិនី រូបនេះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០មុនគាត់ចូលនិវត្តន៍ និងបានបំពាក់មេដាយកិត្តិយសជូនគាត់ ដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
កើតនៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ១៩៧៥ អ្នកស្រីកែវ ឡេង ជាក្មេងកំព្រាឳពុកម្តាយតាំងពីកុមារភាព។ អ្នកស្រីបានរស់នៅជាមួយម្តាយមីងដែលជាកសិករ។ គាត់មិនបានរៀនសូត្រជ្រៅជ្រះឡើយដោយសារជីវភាពក្រីក្រលំបាក។ពីកុមារភាពអ្នកស្រីជួយធ្វើស្រែចម្ការជាមួយម្តាយមីង។ គឺគាត់ធ្វើការរហូតដល់ដេកលក់នៅនឹងវាលស្រែ លើគំនរស្រូវក៍មាន។
មកដល់ឆ្នាំ១៩៨៤ អ្នកស្រីបានធ្វើដំណើរឡើងមកភ្នំពេញ ដើម្បីសុំគេហាត់កីឡានៅបាល់ទះ នៅកីឡដ្ឋានស្តាត់ចាស់ ជិតគល់ស្ពានជ្រោយ ចង្វា។ អ្នកស្រីធ្លាប់បានរៀបចំពីដំណើរជីវិតប្រាប់អ្នកកាសែតថា គាត់បានតស៊ូជាច្រើនឆ្នាំទំរាំបានចូលហាត់កីឡាប៉េតង់។ គឺអ្នកស្រីបានចូលហាត់កីឡាបាល់ទះនៅឆ្នាំ១៩៨៤ ហើយ ដល់ឆ្នាំ១៩៩៣ ទើបមានឱកាសចូលហាត់ ប៉េតង់ឬប៊ួល ទាំងលោកគ្រូមិនសូវពេញចិត្តនិងមិនចង់ឲ្យហាត់ឡើយ។
«ពីដំបូងៗលោកគ្រូបង្ហាត់មិនអនុញ្ញាតឲ្យខ្ញុំហាត់បោះប៊ូលទេ។ គាត់ថាខ្ញុំបោះប៊ូលមិនរួច កម្លាំងខ្ញុំខ្សោយ។ ប៉ុន្តែខ្ញុំចិត្តប៊ូលណាស់។ ខ្ញុំបានទៅរើសប៊ូលចាស់ៗដែលគេទុកចោលមកហាត់បោះ។ រហូតដល់ឆ្នាំ១៩៩៩ ខ្ញុំទទួបលបានជោគជ័យលើកដំបូងនៅក្នុងប្រទេសសិង្ហបុរី ទើបគេផ្តើមទទួលស្គាល់ទេពកោសល្យខ្ញុំ» ។ អ្នកស្រី កែវ ឡេង បាននិយាយយ៉ាងដូច្នេះនៅក្នុងពហុកីឡដ្ឋានអូរឡាំំពិក នៅគាត់កំពុងហាត់កូនសិស្ស។
ផ្តើមហាត់កីឡាប៊ូលនៅឆ្នាំ១៩៩៣ នៅឆ្នាំ១៩៩៩ អ្នកស្រីទទួលបានមេដាយមាសនៅក្នុងការប្រកួតស៊ីហ្គេមនៅសិង្ហបុរី។ ជាមេដាយក្នុងការប្រកួតពីរនាក់ជាមួយកីឡាការិនីអ៊ុក ស្រីមុំ។ បន្ទាប់ពីជោគជ័យលើកដំបូងនោះហើយ បានធ្វើឲ្យមជ្ឈដ្ឋានានាទទួលស្គាល់ពីទេពកោសល្យនិងសមត្ថភាពអ្នកស្រី។
រាប់ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០២០អ្នកស្រី កែ ឡេង បានចូលប្រលូកវិស័យកីឡាប៊ូលនេះ ២៣ឆ្នាំ។
រយៈពេល២៣ឆ្នាំនេះ អ្នកស្រី បានឈ្នះមេដាយមាសប៉េតង់ពិភពលោកលើវិញ្ញាសាវាយយកពិន្ទុចំនួន៤ដង នៅឆ្នាំ ២០១៣ ២០១៥ ២០១៧ និងឆ្នាំ២០១៩ ព្រមទាំងសមិទ្ធផលជាច្រើនទៀតលើឆាកអន្តជាតិ ជូនជាតិមាតុភូមិកម្ពុជា។បើសរុបពីមេដាយវិញនោះ អ្នកស្រីទទួលបានវិញ ទាំងមេដាយមាស ប្រាក់១៣ និងសំរឹទ្ធ នោះ អ្នកស្រីទទួលបានមិនតិជាង៣០នោះទេ។
«ក្នុងចំណោមជ័យជម្នះទាំងអស់ ពាន់រង្វាន់ពិភពលោកនៅឆ្នាំ២០១៣ជាពេលវេលាដែលខ្ញុំត្រេកអរ រំភើបបំផុត។ ការប្រកួតនៅទីនោះ ខ្ញុំបានប្រឹងខ្លាំងណាស់ទើបទទួលបានជ័យជម្នះ។ របៀបប្រកួតនៅទីនោះក៍ប្លែក ពីអ្វីដែលខ្ញុំធ្លាប់ជួប ហើយកម្ពុជានិងបារាំង ខុសម៉ោង ខុសអាកាសធាតុគ្នាទៀត តែទីបំផុតខ្ញុំអាចធ្វើបាន» ។ ការធ្វើបានគឺអ្នកស្រី នាំមកនូវកិត្តិយសមិនត្រឹមសម្រាប់ខ្លួនគាត់នោះទេ គឺនាំកិត្តិយសយ៉ាងធំធេង ដល់ប្រទេសជាតិទៀតផង។
លោកស្រី កែ ឡេង បានរំលឹកជាមួយស្នាមញញឹមថា «ឆ្នាំ២០១៣នោះហើយ ដែលរដ្ឋាភិបាលបានរៀបចំពិធីទទួលដំណើរត្រឡប់មក ពីការប្រកួតរបស់ខ្ញុំ យ៉ាងអធិកអធម។ ខ្ញុំរំភើបណាសស់ពេលឃើញមានរថយន្តដឹកខ្ញុំចេញពីព្រលានយន្តហោះហើយមានពលរដ្ឋគាំទ្រយ៉ាងច្រើន។ ពិតជាកិត្តិយណាសសម្រាប់ជីវិតខ្ញុំ» ។
ជាមួយការប្រកាសចូលនិវត្តន៍ តែអ្នកស្រីកែ ឡេង ថាគាត់មិនទៅណាឆ្ងាយកីឡាប៉េតង់ឡើយ ប៉េតង់ បានផ្តល់កិត្តិយសនៅក្នុងជីវិតគាត់។ វីរកីឡាការិនី កែ ឡេង បានបញ្ជាក់ថា ទោះបីជាអ្នកស្រីចូលនិវត្តន៍ហើយក្តី អ្នកស្រីមិនទៅណាឆ្ងាយ ពីកីឡាប៊ូលនេះទេ។ អ្នកស្រីនឹងនៅបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយៗទៀត ពីព្រោះធនធានកីឡាករ កីឡាការិនីយើងនៅមានច្រើនណាស់ ដែលកំពុងដុះដាល៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព