តាកែវ៖ ថ្លែងចេញពីខេត្តតាកែវ ប្រមុខដឹកនាំរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការព្រួយបារម្ភ និងស្លុតចិត្តចំពោះដំណឹងនៃការរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ២៦ នាក់បន្ថែមទៀត។
សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ ព្រោះសម្តេចបានកត់សម្គាល់ឃើញថា ចំនួនអ្នកពាក់ម៉ាស់មានចំនួនតិចៗទៅដែលនេះ គឺជារឿងគួរឲ្យបារម្ភ ។
ឱកាសអញ្ជើញសំណេះសំណាលនៅកណ្តាលវាលស្រែ នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដានេះ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចតេជោលើកឡើងថា ឥឡូវនេះយើងមិនមែនចង់ឲ្យមានកូវីដ១៩ ទេ ប៉ុន្តែធ្វើម៉េចបើពិភពលោក វាកើតមួយសកលលោកទៅហើយ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន ពាក់ម៉ាស់រាល់ពេលដែលចាំបាច់។
សម្តេចបានមានប្រសាសន៍ថា «ហើយអកុសលអី ថ្ងៃនេះ ថ្ងៃមុនខ្ញុំទៅឯខេត្តព្រៃវែងឆ្លងតែ ១៥ នាក់ទេ ។ យប់មិញនេះ ខ្ញុំទទួលដោយការស្លុតចិត្ត ឆ្លង ២៦នាក់ ជាចំនួនមួយច្រើន ដែលធ្វើឲ្យកម្ពុជាយើង មានអ្នកឆ្លងរហូតទៅដល់ ១៩៧នាក់ហើយមកដល់ពេលនេះ ។ គឺសុទ្ធនាំចូលទាំងអស់ពីក្រៅប្រទេស» ។
សម្តេចបានបន្តថា និស្សិតយើងត្រូវវិលចូលប្រទេសពីក្រៅប្រទេសឆ្លងទៅតាមរយៈហ្នឹង។ បើយើងមិនយកពលរដ្ឋមកប្រទេសយើងវិញទេ ឲ្យគាត់ទៅនៅទីណា ៕ ត្នោត