តាមទ្រឹស្តីព្រះពុទ្ធសាសនាបានបង្ហាញថា កូនណាប្រព្រឹត្តខុសចំពោះឪពុកម្តាយព្រោះមិនបានថែរក្សា មិននឹកនា មិនយកចិត្តទុកដាក់រាប់រក មិនអាណិតអាសូរដល់ចិត្តរបស់លោក មិនទំនុកបម្រុងលោកក្នុងរដូវបុណ្យភ្ជុំបិណ្ឌ កូននោះរមែងមានបាបច្រើន អបាយភូមិបើកផ្លូវទៅក្នុងសង្សារវដ្ត ហើយពៀរវេរាក៏កើតមានដល់បុគ្គលនោះវិញមិនខាន ។
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាតែងតិះដៀលកូនអកតញ្ញូថា បើទោះជាជនប្រភេទនេះរស់នៅជាសុខក្នុងពេលបច្ចុប្បន្ន ក៏ទៅក្នុងលោកខាងមុខគង់នឹងទាញបដិសន្ធិជននោះទៅកាន់អបាយភូមិកើតជាប្រេតនរកមិនខាន ព្រោះតែការប្រព្រឹត្តខុសលើអ្នកមានគុណបែបនេះ ។
ចំណែកកូនណាប្រតិបត្តិល្អក្នុងមាតាបិតាចិញ្ចឹមបីបាច់រក្សាលោកដោយចិត្តស្មោះក្នុងបំណងតបគុណលោកវិញពិតៗឱ្យទាន់ក្នុងរដូវបុណ្យទាន កូននោះរមែងបានបុណ្យកុសលជាអនេក ហើយបណ្ឌិតទាំងឡាយរមែងសរសើរ និងជូនស័ព្ទសាធុការពរដល់កូនប្រុសស្រីនោះយ៉ាងខ្ទរខ្ទារ ។
លុះអស់អាយុសង្ខាររមែងទៅកាន់សុគតិភព ហើយរីករាយក្នុងភពនោះៗអស់កាលដ៏យូរអង្វែង ព្រោះតែអានិសង្សនៃការប្រតិបត្តិត្រឹមត្រូវចំពោះមាតាបិតា ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព