រ៉ង់ហ្គូន ៖ យោងតាមការចេញផ្សាយជារៀងរាល់ថ្ងៃ ពីក្រសួងសុខាភិបាលភូមា បានអោយដឹងថា ចំនួនអ្នកស្លាប់ថ្មី ០៤នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣៩នាក់ហើយ ។
មន្ត្រីក្រសួងសុខាភិបាលភូមា បាននិយាយថា អ្នកជំងឺ COVID-19 ចំនួន៤នាក់ខាងលើនេះ គឺពួកគេមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន បានស្លាប់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ។
ទន្ទឹមនឹងនេះ អ្នកឆ្លងចំនួន ១៣៤នាក់បន្ថែមទៀត បានធ្វើតេស្ត វិជ្ជមាន សម្រាប់កូវីដ-១៩ នាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ៣.៦៣៦ករណី ត្រឹមព្រឹកថ្ងៃពុធ ។ ចំនួននេះ គឺវ៉ាដាច់ប្រទេសថៃ ទៅទៀត ដែលមានអ្នកឆ្លងសរុបចំនួន ៣,៤៩០ករណី ប៉ុណ្ណោះ ។
ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីដែលឆ្លងជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំនេះ ហើយអ្នកជំងឺ ៨៧២នាក់ បានជាសះស្បើយ ពីជំងឺនេះក្នុងរយៈពេលជិត៦ខែ ។
ករណីឆ្លងក្នុងស្រុក បាននិងកំពុងកើនឡើងនៅក្នុងប្រទេសនេះ ជាពិសេសនៅក្នុងទីក្រុងរ៉ង់ហ្គូន ក្នុងអំឡុងពេលរលកទី២ ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហាមក ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព