ស្វីស ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកយើងនេះនឹងមិនអាចត្រឡប់ទៅដូចដើម (កាលពីមុនពេលកូវីដ)ទេ មុនពេលឆ្នាំ២០២២។
លោកស្រីវេជ្ជបណ្ឌិត Swaminathan បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ “យើងកំពុងតែសម្លឹងមើលទៅឆ្នាំ២០២២ ដែលមានមនុស្សភាគច្រើនបានចាក់វ៉ាក់សាំង ហើយដុះអង្គបដិបក្សនៅក្នុងខ្លួនប្រឆាំងនឹងជម្ងឺកូវីដ១៩។ ក្នុងរយៈពេលយ៉ាងយូរខាងមុខនេះ យើងនឹងត្រូវធ្វើការពាក់ម៉ាស់ រក្សាគម្លាតសង្គម និង អនុវត្តកិច្ចការផ្សេងទៀត ដើម្បីរក្សាអនាម័យ។”លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ “សកម្មភាពការពារទាំងនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ក្រោយពេលវ៉ាក់សាំងត្រូវបានចាក់លើ ៦០% ទៅ ៧០% នៃចំនួនប្រជាជនលើពិភពលោក។ នៅពេលបានដូច្នោះហើយ ទើបយើងអាចឃើញមានការធ្លាក់ចុះនៃការឆ្លងជម្ងឺកូវីដ។ យើងក៏មិនទាន់ដឹងដែរថា តើវ៉ាក់សាំងនេះនឹងអាចការពារជម្ងឺកូវីដបានយូរប៉ុនណា។ នេះអាចនឹងត្រូវចាក់បន្ថែមក៏ថាបាន។”ខណៈពេលដែលការកំណត់ពេលវេលានៅតែមិនប្រាកដប្រជានិងពិបាកក្នុងការព្យាករណ៍ លោកស្រីវេជ្ជបណ្ឌិតគិតថា យើងអាចរំពឹងថា យើងនឹងអាចត្រឡប់ទៅសភាពដើមដូចមុនពេលមានកូវីដវិញ យ៉ាងឆាប់ណាស់នៅឆ្នាំ២០២២៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព