Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សនិងសម្ភារនិយម

ឃើញរូបភាពនេះ ខ្ញុំនឹកដល់សម័យខ្ញុំដែលធ្លាប់កាន់ទូរស័ព្ទមួយនេះ សម័យ២០០៧ ខំសន្សំលុយស្ទើរចង់ស្លាប់ទើបដាច់ចិត្តហ៊ានទិញវាមកប្រើ។ ប្រាក់៣០០$ ពិតជាច្រើនណាស់សម្រាប់ខ្ញុំ ខ្ញុំត្រូវសុីអត់សុីឃ្លាន ខំប្រឹងធ្វើការផង រៀនផង សុំម៉ាក់ផង ទម្រាំតែសន្សំបានប្រាក់ប៉ុណ្ណឹង រួចយកទៅទិញទូរស័ព្ទមួយគ្រឿងនេះ។ 

បានទូរស័ព្ទមួយគ្រឿងនេះ ខ្ញុំស្រឡាញ់វាណាស់ ថ្មមវាដូចកូនរបស់ខ្លួនចឹង មិនហ៊ានប្រើវាធ្ងន់ដៃឡើយ ពេលខ្លះក៏ឆ្ងល់ខ្លួនឯងដែរ នេះទិញវាយកមកប្រើ ឬទិញយកមកដាក់តម្កល់ដូចព្រះនោះ? ធ្វើម៉េចរបស់យើងស្រលាញ់ យើងមិនចង់អោយវាខ្ទេចដោយសារដៃខ្លួនឡើយ ត្រឹមត្រូវឬទេ?

តែកម្មអ្វីខ្ញុំ ប្រើមិនបាន២អាទិត្យស្រួលបួលផង ជិះទៅសាលារៀនតាមផ្លូវ លោកបងចោរគាត់ឃើញ គាត់ឆក់យកទៅ ហើយធាក់ម៉ូតូឯងអោយដួលទៀត! នេះសំណាងហើយ សម័យហ្នឹងជិះម៉ូតូស៊ើបពើគុប៥០ ល្បឿនមិនលឿន តែក៏ត្រូវសម្រាកដេកពេទ្យ១អាទិត្យ ហើយមានស្នាមរបួសដល់សព្វថ្ងៃ អ្វីសំខាន់ម៉ាក់របស់ខ្ញុំ ស្បថថាលែងឲ្យខ្ញុំប្រើរបស់ទំនើបទៀតហើយ។

ពេលនោះ ខ្ញុំសេធជាខ្លាំង សេដពេលបាត់របស់ដែលខ្លួនស្រឡាញ់ សេដដែលខំទៅឲ្យគេបញ្ចូលចម្រៀងឲ្យអស់លុយមិនតិច សម័យនោះមួយបទ ៥០០រៀលផង! ហើយអ្វីដែលសេដខ្លាំងបំផុត គឺមិនហ៊ានប្រើវាឲ្យអស់ពីចិត្ត! សេដវាមិនតែប៉ុណ្ណឹងទេ ខ្ញុំរឹតរន្ធត់ទៀត ពេលខ្ញុំដួលម៉ូតូ ឃើញស្នាមរបួសខ្លួនឯង រួចសន្លប់ហើយគិតក្នុងចិត្តថា បើដូចក្នុងរឿងដេកហើយមិនភ្ញាក់វិញ មិនឃើញប៉ាម៉ាក់របស់ខ្ញុំនោះ តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?នេះខ្ញុំមិនទាន់បានជួយអ្វីគាត់នៅឡើយទេ ហើយប្រែជាដាក់សំម្ពាធ សាងជម្ងឺផ្លូវចិត្តដល់គាត់ថែមទៀត! លើកទីមួយហើយ ដែលខ្ញុំស្អប់ខ្លួនឯង ដែលពេលគិតទិដ្ឋភាពម៉ាក់ខ្ញុំស្រក់ទឹកភ្នែកព្រោះតែខ្ញុំ ព្រោះម៉ាក់ខ្ញុំ ជាស្ត្រីរឹងមាំ គាត់ជាអ្នកគ្រប់គ្រងក្នុងគ្រួសារ មានទុក្ខលំបាកអ្វី គាត់មិនថ្ងូររអ៊ូ ស្រក់ទឹកភ្នែកអោយកូននិងប្តីគាត់ឃើញឡើយ! សម្តីដែលគាត់ឧស្សាហ៍ពោលមកកាន់ពួកខ្ញុំគឺ«ធ្វើម៉េចជាតិនេះ គាត់កើតមកជាស្រី»…

គិតដល់រឿងនេះ ទើបខ្ញុំយល់ថា ស្រលាញ់របស់ឬមនុស្ស សូមកុំភ្លេចមើលខ្លួន និងអ្នកជុំវិញខ្លួនយើងផង ព្រោះពេលខ្លះរបស់ឬមនុស្សដែលយើងកំពុងងប់ស្រឡាញ់ខ្លាំងនោះបាត់បង់ យើងចាប់ផ្តើមទួញសោក បន្ទោសខ្លួនឯងឬអ្នកដទៃ យើងគិតតែរឿងអវិជ្ជមានតែមួយមុខប៉ុណ្ណោះ ធ្វើដូចជីវិតរបស់ខ្លួនគ្មានពន្លឺ។ ផ្ទុយស្រឡះវាមិនមែនមានន័យថាជីវិតរបស់យើងប្រែក្លាយងងឹតឥតពន្លឺឡើយ យើងភ្លេចថាមានមនុស្សជុំវិញយើងជាច្រើនណាស់ គេអាចធ្វើជាចង្កៀងគោមបំភ្លឺផ្លូវអោយយើង សូមកុំបំភ្លេចពួកគេអី! 

ម្យ៉ាងទៀត សូមគិតថារបស់ដែលយើងស្រលាញ់ពេលនេះ ១ឆ្នាំ ៣ឆ្នាំឬ១០ឆ្នាំក្រោយ យើងខ្លួនឯងមិនប្រាកដថា ស្រឡាញ់វាទៀតដែរឬទេ? ដូចទូរស័ព្ទក្នុងរូបអញ្ចឹង កាលពី១០ឆ្នាំមុន វាដូចជាវត្ថុទិព្វដែលគ្រប់គ្នាប្រាថ្នាចង់បាន តែបច្ចុប្បន្នវត្ថុទិព្វប្រែក្លាយជាដុំថ្ម ទោះជាជ្រុះធ្លាក់លើដី ក៏គ្មានអ្នករើសយកមកប្រើដែរ! 

«វត្ថុប្រែប្រួលតាមពេលវេលា សូមធ្វើមនុស្សកុំប្រែប្រួលតាមរបស់»

from: https://tnaot.com/km/m/detail/article/9696307