សម្តេចតេជោ ៖ ថ្ងៃស្អែក គឺថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ខ្ញុំ និងភរិយាគ្រោងចូលរួមភ្ជុំបិណ្ឌនៅវត្តវាំងចាស់
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ថ្ងៃនេះ គឺបិណ្ឌ១៤ ហើយ ។ ថ្ងៃស្អែក គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលខ្ញុំ និងភរិយាគ្រោងនឹងទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ ។ »
សម្តេចតេជោ បានបញ្ជាក់ថា ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំជាច្រើន ដោយគ្មានការភ័យខ្លាច ។ ខ្ញុំ និងភរិយាសូមចូលរួមរីករាយកាន់បិណ្ឌជាមួយបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ។ នៅក្នុងឱកាសនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូប ទៀន នៅតាមទីកន្លែងសក្ការៈបូជាផ្សេងៗ ។
សូមអាជ្ញាធនៅតាមបណ្តាខេត្តនានាជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អដើម្បីបង្កល្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ និងទេសចរបានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។
ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ (Covid-19) ។ សូមបន្តពាក់ម៉ាសការពារ ជាពិសេសក្នុងពិធីបុណ្យដែលមានមនុស្សចូលរួមច្រើន។ ត្រូវឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគអោយបានជាប្រចាំ ។
សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើសុខសប្បាយមានសុវត្ថិភាពតាមផ្លូវ និងបានរីករាយជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌគ្រប់ៗគ្នាកុំបីខាន ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព