ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នករត់ផាស់អាប់២នាក់ បានត្រូវថ្នាំសន្តំបែកពពុះមាត់ បណ្ដាលអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 6 និង 00 នាទីល្ងាច ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 នៅហាងផឹកស៊ីមួយកន្លែងឈ្មោះ ជំនោរដីថ្មី ស្ថិតនៅក្នុងភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា មុនពេលកើតហេតុបុរសអ្នករត់ផាស់អាប់២នាក់ ម្នាក់ឈ្មោះ នាង សុខ អាយុ50ឆ្នាំ មានទីលំនៅភូមិទី 1 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ ឈឿនឈាង អាយុ43 ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ បានជួបនឹងនារីរូបស្រស់២នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៌ស ហើយក៏បានបបួលគ្នាទៅផឹកស៊ីនៅហាងជំនោរដីថ្មី នៅចំណុចចុងកោះ ក្នុងភូមិទី7 សង្កាត់ខ្សាម ។
ក្នុងការផឹកស៊ីបានអូសបន្លាយរហូតដល់ម៉ោង3 រសៀល ម្ចាស់ហាងបានឃើញនារីទាំង២នាក់ បានជិះម៉ូតូត្រឡប់ចេញទៅវិញ ។ ប៉ុន្តែរហូតដល់ម៉ោងប្រមាណ 6 ល្ងាចទៅហើយ ម្ចាស់ហាងមិនឃើញបុរសទាំងពីរនោះត្រឡប់ទៅវិញសោះក៏ដើរទៅមើល ស្រាប់តែឃើញបុរសម្នាក់ដេកសន្លប់បែកពពុះមាត់ ចំណែកឯម្នាក់ទៀតដឹងខ្លួនងើបអង្គុយ ប៉ុន្តែនិយាយមិនចេញ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលតែម្ដង ។
ក្រោយពេលដឹងខ្លួនបុរសទាំង 2 នាក់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា រូបគាត់ឈ្មោះ នាង សុខ បានបាត់អស់ចិញ្ចៀនមាស 5 ជី លុយ 40 ម៉ឺនរៀល និងទូរស័ព្ទដៃ 1គ្រឿង ។ ចំណែកឈ្មោះឈឿន ឈៀង អស់ទូរសព្ទដៃមួយគ្រឿង ។ ពួកគាត់ទាំង២នាក់បានបញ្ជាក់ថា បានជួបនារីទាំង២នាក់នោះ នៅចំណុច បេនរ៉ឺម៉ក ដើមស្រល់ ផ្សាលើក្រុងកំពង់ឆ្នាំង ហើយក៏បានបបួលគ្នាទៅផឹកស៊ីទើបកើតរឿងបែបនេះ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព