បងប្អូនបានដឹងហើយថាវត្តបាកានគឺជាវត្តមួយដែលស័ក្តិសិទ្ធិជាងគេក្នុងចំណោមវត្តទាំងអស់នៅក្នុងខេត្តពោធិ៍សាត់នេះ។
មូលហេតុដែលស័ក្តិសិទ្ធិក៏ដោយសារតែមានរូបព្រះបដិមាបែរព្រះភក្រ្តទៅទិសខាងលិចខុសពីវត្តផ្សេងៗទៀតទោះបីអ្នកស្រុកបង្វិលឱ្យបែរទៅទិសខាងកើតយ៉ាងណាក៏គង់តែបែរមកទិសខាងលិចវិញដដែល។
ហើយនៅខាងកើតព្រះវិហារមានដើម”ពោធិ៍រសាត់”មួយដើមយ៉ាងធំនៅក្រោមដើមពោធិ៍រសាត់នោះមានរូងមួយដែលមានផ្លូវចូលបែរមុខមកទិសខាងត្បូងនៅក្នុងរូងនោះអ្នកស្រុកអាចចូលទៅអុចធូបបន់ស្រន់ខ្ចីគ្រឿងអលង្ការនិងឆ្នាំងចានបានតាមចិត្ត។ប៉ុន្តែសព្វថ្ងៃនេះផ្លូវចេញចូលនោះបានបិទជិតអស់ហើយដោយសារតែអ្នកស្រុកខ្ចីហើយមិនដែលយកទៅសងវិញ។
កាលពីសម័យមុននៅក្នុងពុទ្ធសីមាវត្តបាកាននេះបើសិនអ្នកស្រុកមានជម្លោះដោះស្រាយមិនចេញគេតែងនាំទៅស្បថដោយយកមាន់រស់ទៅអាករសម្រក់ឈាមនៅចំពោះមុខរូបព្រះពុទ្ធហើយនាំគ្នាសច្ចាថា”បើអ្នកណាខុសសូមឱ្យព្រះអង្គដាក់ទោសអ្នកនោះឱ្យប្រកាច់ស្លាប់ដូចមាន់នេះអញ្ចឹងដែរ”។ហើយអ្នកដែលស្បថបំពានមិនដែលដើរផុតពីរបងវត្តនេះឡើយ៕