(កំពង់ធំ)៖ ស្រ្តីម្នាក់ត្រូវបានឃាតករសម្លាប់ រួចយកសពទៅបោះចូលទឹកស្រះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ចំណែកឃាតកពុំត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យបានកាប់ជនរងឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ស្រ្តីរងគ្រោះជាអ្នកបើកបន្ទប់ព្យាបាលជំងឺទូទៅ ត្រូវជនសង្ស័យកាប់ ចំករក្រោមត្រចៀកបណ្តាលឲ្យស្លាប់ភ្លាម។
សាកសពត្រូវបានបុរសជាប្តី បានប្រទះឃើញនៅក្នុងស្រះទឹកក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ។តែ
យ៉ាងណានោះ កម្លាំងនគរបាននាំខ្លួនប្តី និងឪពុកក្មេកទៅអធិកាដ្ឋានដើម្បីសាកសួរ ចំណែកសាកសព ត្រូវបានប្រគល់ជូនបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ផេងភាព