កូឡាឡាំពួរ ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ និយាយថា គាត់បានរកឃើញរូបស្វា សែលហ្វី (selfies ការថតរូបដោយខ្លួនឯង) និងវីដេអូ នៅក្នុងទូរស័ព្ទដៃរបស់គាត់ ដែលបាត់មួយថ្ងៃ បន្ទាប់ពីបានរកឃើញវិញ នៅក្នុងព្រៃខាងក្រោយផ្ទះរបស់គាត់ នេះបើយោងតាម BBC ។
រូបភាព រួមទាំងវីដេអូ បង្ហាញពីសត្វស្វាមួយក្បាល ហាក់ដូចជាកំពុងព្យាយាមស៊ីទូរស័ព្ទ ត្រូវបានលោក Zackrydz Rodzi ជាម្ចាស់ទូរស័ព្ទ បានបង្ហោះចែកចាយលើបណ្តាញសង្គមធ្វីតទ័រ ។
និស្សិតរូបនេះបាននិយាយថា គាត់គិតថា ទូរស័ព្ទ១គ្រឿងនេះ ត្រូវបានគេលួចនៅពេលគាត់កំពុងដេក ប៉ុន្តែមិនច្បាស់ទេថា តើទូរស័ព្ទចល័តនេះ បានបាត់ទៅដោយរបៀបណានោះ ?
យុវជនដែលមានអាយុ២០ឆ្នាំរូបនេះ បានប្រាប់ទៀតថា គាត់ដឹងថា ស្មាតហ្វូនរបស់គាត់បាត់នៅពេល ដែលគាត់ភ្ញាក់ពីដំណេកឡើង នៅម៉ោងប្រហែល១១ព្រឹកថ្ងៃសៅរ៍ ទី១២ កញ្ញា ២០២០ ។
និស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឆ្នាំចុងក្រោយ មកពីស្រុក Batu Pahat នៅភាគខាងត្បូង នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បាននិយាយបន្តថា “គាត់មិនបានរកឃើញដានទូរស័ព្ទរបស់គាត់ទេ រហូតដល់រសៀលថ្ងៃអាទិត្យ” ។
បន្ទាប់មកឪពុករបស់លោក បានកត់សម្គាល់ឃើញសត្វស្វាមួយ នៅខាងក្រៅផ្ទះ ហើយយុវជនរូបនេះ ក៏បានយកទូរស័ព្ទផ្សេងទៀត ព្យាយាមហៅចូលទៅម្តងហើយម្តងទៀត នៅពេលទូរស័ព្ទរោទ៍ ឪពុករបស់លោក បានឮសូរសំឡេង ចេញពីព្រៃ នៅខាងក្រោយសួនច្បារ បន្ទាប់ពីដើរប្រហែលពីរបីជំហាន បានរកឃើញទូរស័ព្ទនៅលើស្លឹកនិងប្រឡាក់ភក់ខ្លះៗ ស្ថិតក្រោមដើមត្នោត ។ បន្ទាប់ពីសម្អាតរួចលោក Zackrydz បានបើកមើលឃើញរូបភាពក្នុងទូរស័ព្ទ “ពោរពេញដោយរូបថតស្វា selfies” ។
តាមរយៈរូបភាព និងវីដេអូ បង្ហាញអំពីសត្វស្វាមួយក្បាល ហាក់ដូចជាកំពុងតែព្យាយាមស៊ីទូរស័ព្ទនោះ សត្វស្វាកំពុងសំលឹងកាមេរ៉ា ហើយនៅផ្ទៃខាងក្រោយវា មានស្លឹកឈើបៃតង មានពន្លឺថ្ងៃ និងមានសំឡេងបក្សីកំពុងស្រែក ថែមទៀត ។ ក៏មានរូបថត selfies របស់ស្វា ដើមឈើ និងស្លឹកឈើ ផ្សេងៗទៀតជាច្រើនសន្លឹកនៅក្នុងទូរស័ព្ទផងដែរ ។
និស្សិតរូបនេះបានបន្ថែមថា មិនមានប្រវត្តិរបស់សត្វស្វាលួចយករបស់របរពីផ្ទះប្រជាជនរស់នៅក្នុងសង្កាត់នេះទេ ពីមុនមក ។ គាត់សង្ស័យថា ស្វាប្រហែលជាបានចូលក្នុងផ្ទះ តាមបង្អួចបន្ទប់គេងរបស់បងប្រុសគាត់ ដែលបើកចំហហើយ ។
យុវជនម៉ាឡេស៊ីម្នាក់នេះ បានសរសេរនោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអាទិត្យថា “មួយរយឆ្នាំទើបឃើញម្តង” ៕