យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ប្រទេសកម្ពុជាអាចនឹងមានការប្រែប្រួលអាកាសធាតុ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ភ្លៀងនឹងធ្លាក់រាយប៉ាយពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ហើយអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រសួងធនធានទឹកបានសង្កេតឃើញថា ជ្រលងសម្ពាសទាប និងខ្យល់មូលសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងខ្លាំង ។
ចំណែកបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ។ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រវិញក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅធម្យម ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចនឹងកើតមានជាយថាហេតុផងដែរ៕ត្នោត