Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ឃាត់ខ្លួនវិស្វករ និងអ្នកគ្រប់គ្រងសំណង់ខុនដូ ៩៩៩ ចំនួន២នាក់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌបឹងកេងកេង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វេសប្រហែសខ្ជះខ្ជាយ ធ្វើឲ្យធ្លាក់ដែកបំពង់ទីបជ្រុង ប្រវែង ២,៨០ម៉ែត្រ ត្រូវចំក្បាលបុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលទីតាំងការដ្ឋានសំណង់ខុនដូ ៩៩៩ខាងលើ ក៏ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទចោលទាំងស្រុងផងដែរ រហូតដល់មានលិខិតអនុញ្ញាតឲ្យសង់សាង់បន្ត។ 

ការឃាត់ខ្លួនជនសង្ស័យ ២នាក់នេះ គឺធ្វើឡើងកាលពីវេលាម៉ោង ៤ និង ២០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ខុនដូ ៩៩៩ ផ្លូវ១៨៧ ក្រុម១៧ ភូមិ ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២ នាក់រួមមាន៖ 

១- ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ ៨C ផ្លូវលំ ភូមិគោឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ វិស្វករសំណង់ (អ្នកគ្រប់គ្រង)។  

២- ឈ្មោះ អ៊ុង សាវឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មេការ (អ្នកគ្រប់គ្រង )។ 

ចំណែកជនរងគ្រោះមាន ឈិត សុភាព ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អនុប្រធានភូមិទួលរកា១។

វត្ថុតាងចាប់យក៖ ដែកទីបជ្រុងចំនួន ១ដើម ប្រវែង ២,៨០ម៉ែត្រ ម៉ូតូ ០១គ្រឿងម៉ាក អ៊ែរប្លែក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក់លេខ 1AP -3136 (របស់ជនរងគ្រោះ ) មួកសុវត្ថិភាពចំនួន ០១ (របស់ជនរងគ្រោះ) ពូកពណ៌ទឹកក្រូច ចំនួន០១ (របស់ជនរងគ្រោះ) ។

 បរភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាក អ៊ែរប្លេក ពណ៍ខ្មៅ ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1 AP-3136 ដឹកពូកចេញ ម្ដុំចំការដូង គោលបំណងយកទៅឲ្យគេ នៅម្ដុំអង់តែនទួលគោក ពេលជនរងគ្រោះ ជិះម៉ូតូមកដល់ កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់បក់ខ្លាំង ក៏មានធ្លាក់ដែកទីបជ្រុងចំនួន ០១ ដើម ប្រវែង ២,៨០ម៉ែត្រ ធ្លាក់ពីលើ ជាន់ទី១៩ អាគារខុនដូរយីហោ ៩៩៩ ដែលកំពុងសាងសង់មានកំពស់ ២២ ជាន់ ធ្លាក់ត្រូវចំក្បាលជនរងគ្រោះ ដែលមានសុវត្ថិភាព កំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ បែកមួកសុវត្ថិភាព និងក្បាលហូរឈាមផ្នែកខាងស្ដាំ ភ្លាមនោះជនរងគ្រោះត្រូវបានយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើល ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ បានឃាត់ជនសង្ស័យ ដែលជាអ្នកគ្រប់គ្រង ការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។ 

 បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9510217