រកឃើញករណីឆ្លងវីរុសកូវីដ ២៦នាក់ជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីអេហ្ស៊ីប រុស្ស៊ី និងកូរ៉េខាងត្បូង
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ (Covid-19) ចំនួន ២៦នាក់ និងជាសះស្បើយ ៤នាក់បន្ថែមទៀត លើជនជាតិខ្មែរ។ នេះបើតាមការសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺចំនួន ២៦នាក់ ជាជនជាតិខ្មែរ ជាអ្នកដែលបានត្រឡប់មកពីប្រទេសអេហ្ស៊ីប រុស្ស៊ី និងកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បច្ចុប្បន្ន អ្នកកំពុងសម្រាកព្យាបាល បានកើនដល់ ៥៥នាក់ ស្រី ២នាក់ និងបុរស ៥៣នាក់ ដែលជាអ្នកត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី អារ៉ាប់ប៊ីសាអូឌីត សហរដ្ឋអាមេរិក អេហ្ស៊ីប រុស្ស៊ី និងកូរ៉េខាងត្បូង នៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៩៧នាក់ មានស្រ្តីចំនួន ៤១នាក់ និងបុរស ១៥៦នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៤០នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ១០១នាក់ ស្មើនឹង ៧១,០៧%៕