ករណីផ្ទុះគ្រាប់កាំភ្លើងច្រើនជាង២០គ្រាប់ ត្រូវបានកើតឡើង នៅក្នុងហេតុការណ៍ ទំនាស់ដីធ្លីមួយកន្លែង រវាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ “អន្លង់ថ្ម” ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមួយនឹងកម្លាំងចម្រុះរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ មូលហេតុដំបូង ដែលបង្កឱ្យកើតមានករណីផ្ទុះអាវុធកើតឡើង គឺបណ្តាលមកពីកងកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប បានចាប់វាយខ្នោះបុរសពីរនាក់ ដោយចោទប្រកាន់ថា បានធ្វើការតវ៉ាប្រឆាំងរារាំង ការងាររបស់សមត្ថកិច្ច។បុរសពីរនាក់នេះ ត្រូវបាននាំខ្លួន ទៅទុកនៅខាងក្រោយរថយន្ត ដោយហាមមិនឱ្យរើខ្លួនចេញទៅណា។
ក្រោយពីមានការចាប់វាយខ្នោះ បុរសទាំងពីររួចមក ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នោះ ក៏បានបបួលគ្នីគ្នា ទៅសុំយកអ្នកទាំងពីរមកវិញ ប៉ុន្តែសមត្ថកិច្ចមិនព្រមដោះលែងពួកគេទេ ផ្ទុយ ទៅវិញបានបង្កឱ្យមានទំនាស់កើតឡើង ដោយឈ្លោះប្រកែកគ្នា រហូតឈានដល់ការបាញ់គំរាមផ្ទួនៗគ្នាចំនួន២២គ្រាប់ មកលើប្រជាពលរដ្ឋ កាលពីរសៀលម៉ោង៤ ថ្ងៃទី១៦កក្តដា ឆ្នាំ២០២០។
ជុំវិញករណីនេះ បើតាម លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា មន្ត្រីសមត្ថកិច្ចម្នាក់ បានរងរបួសធ្ងន់ ដោយសារក្រុមប្រជាពលរដ្ឋគប់នឹងពូថៅ ខណៈដែលមន្ត្រីរូបនោះ កំពុងស្ថិតនៅក្នុងរថយន្ត។
លោកបន្តថា ចំពោះករណីផ្ទុះអាវុធនេះ គឺមន្ត្រីរបស់លោកគ្រាន់តែបាញ់ការពារខ្លួន ដើម្បីបំបែកក្រុមប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ ចេញមកពីចំការស្វាយចន្ទីរ ប្រដាប់ដោយកាំបិទ ពូថៅ និងដំបងជាដើម។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ផ្ទុះអាវុធនេះ មិនបានធ្វើឱ្យអ្នកណារងរបួសនោះទេ ប៉ុន្តែបើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានមន្ត្រីម្នាក់បានរងរបួសធ្ងន់ រីឯបុរសពីរនាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានរងរបួស ត្រូវចំគុម្ភត្រចៀក ម្នាក់មួយដៃយ៉ាងដំណំផងដែរ៕ ដោយ៖ ត្នោត