រាជធានីភ្នំពេញ ៖ ដើមឈើ២៥០ដើម នៅលើដងផ្លូវ២៦ខ្សែ នៅរាជធានីភ្នំពេញ គឺមានដើមឈើខ្លះងាប់ ខ្លះពុកផុយ និងប្រហោងគល់ដែលងាយនឹងដួលរលំ ក្នុងចំណោមដើមឈើសរុបជាង៥ម៉ឺនដើម ដែលអាជ្ញាធរភ្នំពេញត្រៀមកាប់ចោល និងត្រូវដាំថ្មីជំនួស ។
ជាក់ស្តែង មុននេះបន្តិចមានដើមក្ងោកមួយដើមស្ថិតនៅលើសួនច្បារច្រមុះជ្រូកប៊ូលឌីង គ្រាន់តែខ្យល់បន្តិចសោះក៏ដួលរលំនៅក្បែរអ្នកលក់សាច់គោអាំង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ដោយ មានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បាន និង កំពុងដំណើរការកាប់លះមែកឈើជាច្រើនដើមដែលមានស្លឹក និងមែកស៊ុបឌ្រុបនៅតាមដងវិថីជាច្រើនក្នុងរាជធានីភ្នំពេញដើម្បីបញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញមានជាង៥ ម៉ឺនដើម លើផ្លូវ២៦ខ្សែក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងមានជាង៤០%។ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមនេះមាន២៥០ដើមមានសភាពពុក ផុយ ប្រហោងគល់អាចប្រឈមនឹងការបាក់រលំ។
ចំណែក លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យកាប់ដើមឈើ ដែលចាស់ពុកផុយទាំង២៥០ដើមនោះចោលជៀសវាងបង្កគ្រោះថ្នាក់ជាយថា ហេតុ រួចដាំថ្មីជំនួសវិញ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព