យោងតាមប៉ូលិសស្រុក Banglamung បានឱ្យដឹងថាអ្នកបើកម៉ូតូម្នាក់បានស្លាប់នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីជួបគ្រោះចរាចរណ៍ជាមួយរថយន្តមួយគ្រឿងបើកបរដោយតៃកុងឡានមានផ្ទុកជាតិស្រវឹង។ លោក Teetat Tarunjan មន្ត្រីប៉ូលិស Nongprue ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅវេលាម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រនៅលើផ្លូវ Pattanakarn។
ប៉ូលិស និងអ្នកកាសែត The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យបុរសមិនស្គាល់អត្តសញ្ញាណម្នាក់មានអាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់នៅលើផ្លូវក្បែរម៉ូតូមួយគ្រឿងខូចខាតធ្ងន់ធ្ងរ ។ ជនរងគ្រោះមានរបួសធ្ងន់ធ្ងរហើយក្រោយមកត្រូវបានពេទ្យប្រកាសថាស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ អ្នកបើកបររថយន្តម៉ាក sedan អាយុ ២៨ឆ្នាំឈ្មោះ Phonchai Wongtem ជាគ្រូបង្វឹកប្រដាល់ក្នុងស្រុកម្នាក់បានរង់ចាំប៉ូលិសនៅនឹងកន្លែងកើតហេតុ និងគ្មានរបួសអ្វីទេ។ គាត់បានសារភាពប្រាប់ប៉ូលិសថា បានសេពគ្រឿងស្រវឹងពិតមែន ប៉ុន្តែមិនបានស្រវឹងដល់ថ្នាក់ជោកជាំនោះទេ។ គាត់បានបន្ថែមទៀតថា នៅពេលកំពុងបើកបរមានពន្លឺពណ៌សមួយជះចំផ្ទៃមុខគាត់ ហើយក្រោយមកគាត់បានជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងនិងហួសទៅបុកបង្គោលភ្លើងដែលនៅក្បែរនោះទៀត។
ប៉ូលិសកំពុងបន្តការស៊ើបអង្កេតដើម្បីចាត់ការតាមច្បាប់បន្តទៀត ហើយអ្នកបើកបររថយន្តត្រូវបានប៉ូលិសឃាត់ខ្លួននិងនាំទៅកាន់ស្នងការដ្ឋានដើម្បីសាកសួរបន្ត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news