សឹង្ហបុរី ៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា សហគ្រិនជនជាតិសិង្ហបុរី John Ye ដែលមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ចំពោះស្រមោច បានជម្រុញឱ្យគាត់បើកអាជីវកម្មលក់សត្វល្អិតដែលគាត់ជឿជាក់ថា មានទីផ្សារច្រើនក្នុងការលក់។
លោក Ye បានបើកហាងលក់សត្វស្រមោចចិញ្ចឹម ដែលមានឈ្មោះថា Just Ants កាលពីចុងខែកុម្ភៈ ដែលជាពេលកូវីដ១៩ កំពុងចាប់ផ្តើមធ្វើទុក។ បើទោះបីជា មានឧបសគ្គនៅពេលបើកដំបូងដោយសារកូវីដ១៩ ក៏ដោយ ម្ចាស់អាជីវកម្មរូបនេះបានលើកឡើងថា ការលក់មានការកើនឡើងតាំងពីខែកក្កដា មកដល់ពេលនេះ។
លោក Ye អាយុ ៤១ ឆ្នាំដែលធ្លាប់លក់គ្រឿងអេឡិចត្រូនិកលក់ដុំ និងចាប់ផ្តើមចិញ្ចឹមស្រមោចជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១៧ ។ ខណៈពេលដែលកសិដ្ឋានស្រមោចមានជាទូទៅនៅបណ្តាប្រទេសលោកខាងលិច ពួកគេកម្រមាននៅប្រទេសសឹង្ហបុរី លោក Ye កំពុងព្យាយាមធ្វើឱ្យប្រជាជនសឹង្ហបុរីផ្លាស់ប្តូរការគិតអាក្រក់លើសត្វស្រមោច។
លោកបានលើកឡើងថា៖ «សត្វទាំងនោះសំខាន់ណាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីពួកគេ។ យើងក៏អាចរៀនពីស្រមោច ដែលវាអាចបង្រៀនយើងដូចជាការតស៊ូព្យាយាម»។
លោកសង្ឃឹមថា នឹងសហការជាមួយស្ថាប័នដូចជាសាលារៀន ដើម្បីបង្រៀនក្មេងៗអំពីស្រមោចនិងវដ្តជីវិតរបស់ពួកគេ។
ស្រមោច ដែលគាត់លក់ត្រូវបានគាត់ និងបុគ្គលិករបស់គាត់ ដើរប្រមូលនៅជុំវិញកោះដោយកត់សម្គាល់ថា ពួកវាច្រើនតែលេចឡើង បន្ទាប់ពីមានព្យុះភ្លៀង។ ហាងរបស់គាត់ មានស្រមោចចំនួន ៣០ ប្រភេទ ដែលត្រូវបានលក់នៅក្នុងកសិដ្ឋាន។
តម្លៃមានចាប់ពី ១០ដុល្លារអាមេរិក ដល់ជារយដុល្លារអាមេរិក អាស្រ័យទៅលើប្រភេទរបស់ស្រមោច។ ជាមួយគ្នានេះដែរ លោកក៏មានលក់ដង្កូវសម្រាប់ធ្វើជាចំណីរបស់ស្រមោចផងដែរ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព