រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ង់ត៍ធុនធំមួយគ្រឿងដោយសារតែអ្នកបើកបរស្រវឹងស្រាជោកជាំបានបើករថយន្តលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូកង់៣ ឥណ្ឌាមួយគ្រឿងដឹកភ្ញៀវស្រីម្នាក់កំពុងឈប់រង់ចាំភ្លើងស្តុបពីក្រោយពេញទំហឹងបណ្តាលឱ្យម៉ូតូកង់បីកៀបជាប់ក្រោមរថយន្តរុញទៅបុកផ្ទប់គូទរថយន្ត ithilux revo មួយគ្រឿងទៀត ។ ភ្លាមៗ រថយន្ដបង្កមិនព្រមឈប់ដោះស្រាយ បែរជាបន្ថែមល្បឿនបើករត់គេចខ្លួនទាំងម៉ូតូកង់បីកៀបជាប់ក្រោមរថយន្ត បណ្តាលឲ្យអ្នកនៅក្នុងម៉ូតូកង់បីស្លាប់យ៉ាងអាណោចអាធ័មចំនួន២នាក់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចស្តុបប្រចាំការ២៤ម៉ោង ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តបង្កជារថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍ធុនធំមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A-3667 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿង មិនចាំផ្លាកលេខបើកបរដោយបុរសម្នាក់ដឹកភ្ញៀវស្រីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើង ។ ពេលមកដល់ស្តុបកើតហេតុ ក៏ឈប់ម៉ូតូរង់ចាំភ្លើងស្តុបនៅពីក្រោយរថយន្ត hiluxrevo មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BG-6001 បើកបរនិងរួមដំណើរដោយបុរសស្ត្រី២នាក់នៅក្នុងរថយន្ត ។
ខណៈនោះ ក៏មានរថយន្តបង្កខាងលើធ្វើដំណើរស្របទិសគ្នាពីក្រោយក្នុងល្បឿនលឿនដោយសារអ្នកបើកបរស្រវឹងស្រាជោកជាំខ្វះការប្រុងប្រយ័ត្នក៏ទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌាពេញទំហឹងកៀបជាប់ម៉ូតូកង់បីក្រោមរថយន្តរុញទៅបុកផ្ទប់គូទរថយន្តមួយទៀត ។ ចំណែករថយន្ដ hiluxrevo នោះក៏ឃ្ទាតទៅមុខទទឹងកណ្ដាលផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BH-2135 បើកបរជាលក្ខណៈគ្រួសារ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាមក បុករថយន្ត hilux revo នោះចំពាក់កណ្តាលរថយន្តបណ្តាលឲ្យរងការខូចខាតបន្ថែមទៀត ។ ដោយឡែករថយន្ដបង្កមិនបានឈប់ដើម្បីដោះស្រាយទេ ក៏បានបន្ថែមល្បឿនរថយន្តបើករត់គេចខ្លួនទាំងម៉ូតូកង់បីកៀបជាប់ក្រោមរថយន្តបើកអូសប្រមាណ៣០០ម៉ែត្រ ។
ពេលបើករត់ទៅដល់មុខធនាគារជាតិក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅកន្លែងកើតហេតុនោះប្រដេញតាមឃាត់ខ្លួនរថយន្តបង្កបានភ្លាមៗ និងឃាត់ខ្លួនតៃកុងនាំទៅកាន់អធិកាដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនិតិវិធី ។ ម៉ូតូកង់បីខូចខាតទាំងស្រុងមើលលែងស្គាល់ ។ ចំណែកអ្នកបើកកង់បីបោកក្បាលបែកធ្លាយខួរឈាមហូរស្រក់ពេញផ្លូវ រួមជាមួយស្ត្រីជាភ្ញៀវកៀបជាប់ក្នុងកង់បីស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុ ។
ក្រោយកើតហេតុសពជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លាបណ្ដោះអាសន្នរង់ចាំទាក់ទងរកសាច់ញាតិ ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋានប្រគល់ទៅឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព