រាជធានីភ្នំពេញ ៖ បុរសម្នាក់ហួសចិត្តរកអ្វីថ្លែងមិនចេញនោះឡើយ ខណៈពេលតាមទាន់ប្រពន្ធកំពុងតែដេកនៅផ្ទះសំណាក់ជាមួយប្រុសស្នេហ៍ក្នុងបន្ទប់តែម្តង បង្កឲ្យមានការភ្ញាក់កាលពី ម៉ោង11និង15នាទីយប់ ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2020 តាមបណ្តោយផ្លូវ63 កែងផ្លូវ154 នៅចំណុចផ្ទះសំណាក់ «អង្គរប្រាយ» ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីបុរសជាប្តីដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រូបគាត់ និងប្រពន្ធបានគ្នាជាប្តីប្រពន្ធយូរឆ្នាំមកហើយ រហូតបានកូនស្រីម្នាក់អាយុ៥ឆ្នាំជាចំណងដៃ ។ បច្ចុប្បន្នពួកគាត់រស់នៅខេត្តបន្ទាយមានជ័យ ដោយសារតែមានការសង្ស័យប្រពន្ធគាត់ជាយូរមកហើយ ព្រោះគាត់បានលួចតាមដានតាមបណ្តាញសង្គម Facebook ទាន់ចំនួន3ដងមកហើយ គឺប្រពន្ធគាត់លួចទាក់ទងជាមួយប្រុសថ្មី ។
បុរសជាប្តីបន្តទៀតថា ជាក់ស្តែងកន្លងមកថ្មីៗនេះ ប្រពន្ធរបស់គាត់បានសុំគាត់មកមើលម្តាយឈឺនៅភ្នំពេញ ប៉ុន្តែទើបតែ២ថ្ងៃកន្លងមកនេះ គាត់បានតាមដានដឹងថា ប្រពន្ធគាត់លួចបើកបន្ទប់ផ្ទះសំណាក់ទៅដេកជាមួយប្រុសថ្មី និងលួចយកកូនមកតាមជាមួយថែមទៀតផង ។
បុរសជាប្តីបានរៀបទាំងឈឺចាប់ទៀតថា គាត់ពិបាកណាស់ រាល់ថ្ងៃដោយសារតែគាត់ស្រឡាញ់ប្រពន្ធខ្លាំងពេក ហើយតាំងពីប្រពន្ធលួចមានប្រុសថ្មីមកគាត់ធ្វើអីប្រពន្ធចេះតែស្តីបន្ទោសរហូត មិនតែប៉ុណ្ណោះគាត់ធ្លាប់តាមទាន់ប្រពន្ធទៅរកគ្រូដាក់អំពើមកលើរូបគាត់ស្ទើរតែឆ្កួតទៅហើយ ប៉ុន្តែគាត់នៅតែទ្រាំនឹកឃើញថា ប្រពន្ធរស់នៅជាមួយគ្នារហូតបានកូនស្រីម្នាក់ទៅហើយ ។
បុរសជាប្តីបន្តទៀតថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2B-9835 បើកមកដល់ផ្លូវ63 នៅមុខផ្ទះសំណាក់ «អង្គរប្រាយ» បានទៅដល់បន្ទប់របស់ប្រពន្ធគាត់ក៏បានប្រទះឃើញ ប្រពន្ធគាត់ និងប្រុសសហាយ រួមទាំងកូនស្រីរបស់គាត់នៅក្នុងបន្ទប់ជាមួយគ្នាពិតមែន ទើបធ្វើឲ្យមាន ការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចចុះមកជួយសម្របសម្រួលតែម្តង ។
បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ច និងអ្នកសារព័ត៌មានរួចមក បុរសជាប្តី បានអះអាងថា រូបគាត់នឹងលែងលះប្រពន្ធ ហើយទុកឲ្យច្បាប់ជាអ្នកដោះស្រាយ រួចហើយក៏ឡើងជិះរថយន្តចេញទៅបាត់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព