បើតាមទ្រឹស្តីព្រះពុទ្ធសាសនា ព្រះពុទ្ធមិនត្រឹមតែជាអ្នកបង្រៀនមនុស្សឱ្យស្គាល់ផ្លូវល្អប្រតិបត្តិបានសុខទៅរកសួគ៌ និព្វានប៉ុណ្ណោះទេ ព្រះអង្គក៏បានបង្រៀនឱ្យមនុស្សចេះពីរបៀបរកទ្រព្យសម្បត្តិ រកអាហារទទួលទានយ៉ាងពិសេសទៀតផង ។
ខាងក្រោមនេះជាមេរៀនជីវិតដែលព្រះអង្គបង្ហាត់បង្ហាញឱ្យមនុស្សចេះពីរបៀបរកទ្រព្យសម្បត្តិដែលមាន៣ចំណុចដូចតទៅ ៖
១-ជាអ្នកវៃឆ្លាតក្នុងការលក់ចេញទិញចូល ត្រូវដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជាស្គាល់ថា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណា ត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេពិតជាកាក់កបប្រាកដហើយ ។
២-ត្រូវព្យាយាម ខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ មិនខ្ជិលច្រអូស មិនបង្អាប់ទំនិញឲ្យហួសពេលវេលានៃសេចក្ដីត្រូវការរបស់អតិថិជន ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទំនាក់ទំនងរកអតិថិជនឱ្យបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រលាញ់ និងជាទីទុកចិត្តនៃអ្នកផងទាំងពួង ព្រោះអ្នកទាំងអស់នោះហើយជាអ្នកផ្តល់ផលឱ្យយើង ។
កាលបើសាធុជនណាប្រព្រឹត្តធ្វើតាមមេរៀនព្រះសម្ពុទ្ធទាំងបីចំណុចនេះ នឹងជាអ្នកភប់ប្រសព្វតែនឹងសេចក្តីចម្រើន រស់នៅជាសុខពេញមួយជីវិត ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព