ប្រាសាទភ្នំរូងមានទីតាំងស្ថិតនៅភូមិតាប៉ិក ស្រុកឈ្លើមប្រៈកៀត ខេត្តបុរីរម្យ ឬបុរីរ៉ាំ ដែលជាទឹកដីខ្មែរពីអតីតកាល បច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ។
កសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ក្នុងសតវត្សទី១០ នៃគ.ស ហើយបន្តសាងបន្ថែមដោយព្រះបាទជ័យវរ្ម័នទី៥ ដែលជាបុត្រា ប្រាសាទភ្នំរូងត្រូវដូនតាខ្មែរសល់លើទីទួលខ្ពង់រាបដែលជាអតីតភ្នំភ្លើងកាលពីរាប់សិនម៉ឺនសែនឆ្នាំមុន។
ក្បែរភ្នំមានស្រះទឹក២ដ៏ធំសម្បើមដែលកើតពីភ្នំភ្លើង ដោយស្រះមួយនៅជិតភ្នំ និងមួយទៀតនៅជិតប្រាសាទមឿងតាំ។ ចង្កេះភ្នំនោះមានអាស្រមពីរដែលជាមន្ទីរពេទ្យព្យាបាលរោគក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។
ក្រៅពីភាពអស្ចារ្យខាងលើនេះប្រាសាទភ្នំរូងថែមទាំងមានបាតុភូតធម្មជាតិដ៏អស្ចារ្យមួយទៀតគឺពន្លឺព្រះអាទិត្យបានជះចូលតាមខ្លោងទ្វារប្រាសាទចំនួន១៥ប្រលោះ។
បាតុភូតនៃពន្លឺព្រះអាទិត្យឆ្លងកាត់តាមច្រកទ្វារចូលប្រាសាទភ្នំរូងកើតឡើង៤ដងក្នុងមួយឆ្នាំ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងខែមីនា និងខែតុលា គឺជាខែមានបាតុភូតពន្លឺថ្ងៃលិចជះចូលប្រាសាទ រីឯខែមេសា និងខែកញ្ញា គឺជាខែបាតុភូតពន្លឺថ្ងៃរះជះចូលប្រាសាទ៕
អត្ថបទ៖ WowCambodian