បន្ទាប់ពីបានសម្រេចចិត្តយកលំនៅដ្ឋានមកប្រកបអាជីវកម្ម អ្នកត្រូវរៀបចំជាច្រើនជាពិសេសផ្នែកហិរញ្ញវត្ថុ ព្រោះការចាយវាយ និងគ្រប់គ្រងលុយនឹងមានការផ្លាស់ប្តូរ។ ហើយការមិនមានសមត្ថភាពក្នុងការគ្រប់គ្រងគណនេយ្យច្បាស់លាស់មានន័យថាអាជីវករមិនដឹងពីអ្វីៗដែលកំពុងតែកើតមានឡើង។ដើម្បីជៀសវាងបញ្ហានេះ អាជីវករត្រូវតែឈប់និយាយពាក្យកុហកខាងក្រោមប្រាប់ខ្លួនឯង៖
១. អ្វីៗនឹងល្អឡើងវិញ
ប្រសិនបើអ្នកសុខចិត្តបោះបង់ការងាររបស់អ្នកដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននោះ អ្នកត្រូវតែច្បាស់ថាអ្នកមានថវិកាសន្សំគ្រប់គ្រាន់សម្រាប់រ៉ាប់រងជីវភាពប្រចាំថ្ងៃនិងសម្រាប់អាជីវកមម្មរបស់អ្នកជាមុនសិន។ការមានគំនិតសុទិដ្ឋិនិយមជាគុណសម្បត្តិល្អមួយ តែអ្នកមិនត្រូវឲ្យខ្លួនវិជ្ជមានដល់ល្ងង់ខ្លៅពេកទេ។ មិនមានអាជីវកម្មដែលជោគជ័យណាមួយដែលជោគជ័យក្នុងពេលមួយពព្រិចភ្នែកឡើយ។
២. ខ្ញុំសន្សំលុយបានច្រើនដោយកាត់បន្ថយការចំណាយ
ចំណុចល្អមួយនៃការចាប់ផ្តើមអាជីវកម្មនៅលំនៅដ្ឋានផ្ទាល់ខ្លួនគឺអ្នកមិនចាំបាច់ត្រូវចំណាយច្រើនសម្រាប់ការជួលទីតាំងទេ។ ប៉ុន្តែវាមិនមែនមានន័យថាអ្នកត្រូវតែព្យាយាមរិះថាំគ្រប់ពេលទេ។ លុយដែលអ្នកសន្សំបានពីការជួលអាចយកទៅប្រើលើអ្វីផ្សេងដែលបង្កើនគុណភាពសេវាកម្ម ឬផលិតផលរបស់អ្នក។
៣. ខ្ញុំអាចសន្សំលុយដោយប្រើអ្វីៗក្នុងផ្ទះ
អាជីវកម្មទាំងនេះក៏អាចកាត់បន្ថយការចំណាយដោយប្រើសម្ភារៈដែលមានស្រាប់ក្នុងផ្ទះដែរ។ ប៉ុន្តែវាអាចបង្កជាបញ្ហាព្រោះហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រចាំគ្រួសារ និងប្រចាំអាជីវកម្មរបស់អ្នកនឹងមានការឡូកឡំគ្នាច្រើន។ វាអាចប៉ះពាល់ដល់ការគ្រប់គ្រងហិរញ្ញវត្ថុ និងវិភាគលើអ្វីដែលអ្នកត្រូវកែសម្រួលដើម្បីជួយដល់អាជីវកម្មរបស់អ្នកផងដែរ។
ការគ្រប់គ្រងហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទមិនថាតូចឬធំទេ ប៉ុន្តែសម្រាប់អាជីវកម្មតាមផ្ទះ អាជីវករត្រូវតែយកចិត្តទុកដាក់លើសដើមដើម្បីជៀសវាងនូវបញ្ហាប្រឈមធំៗនៅថ្ងៃមុខ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព