រាជធានីភ្នំពេញ ៖ ស្ថិតនៅលើកំពូលភ្នំអដ្ឋរស្ស ហៅភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ជាងថតរូប១ក្រុម មានគ្នាមិនក្រោមពី៣០នាក់នោះទេ ស្ពាយកាមេរ៉ាថតទំនើបៗកំពុងឈរហៅភ្ញៀវដែលធ្វើដំណើរមកពីទីជិតទីឆ្ងាយទៅលេងកម្សាន្តនៅលើកំពូលភ្នំនោះ ជាពិសេសអ្នកដែលទៅគោរពបូជាព្រះបរមសរីរិកធាតុ ព្រះសម្មាសម្ពុទ្ធនៅព្រះសក្យមុនីចេតិយ ព្រមទាំងបូជនីយដ្ឋាននានាជាច្រើនទៀតថតរូប ដើម្បីបានកម្រៃប្រចាំថ្ងៃ ។ នេះគឺជាមុខរបរអាជីពដែលអ្នកខ្លះមានរយៈពេល១០ឆ្នាំ និងអ្នកខ្លះទៀតជាង២០ឆ្នាំកន្លងមកហើយ ។
នៅពេលលោកអ្នកឡើងទៅដល់លើកំពូលភ្នំព្រះរាជទ្រព្យនោះ លោកអ្នកនិងបានឃើញជាងថតទាំងនោះស្ពាយម៉ាសុីនថតរូបម្នាក់១គ្រឿង ឈរពង្រាយគ្នា ដូចកងទ័ពដាក់ខ្សែត្រៀមប្រយុទ្ធអុីចឹង ដោយអ្នកខ្លះឈរនៅក្បែរព្រះចេតិយ អតីតព្រះមហាក្សត្រ ដែលមានអាយុកាលរាប់រយឆ្នាំ និងខ្លះទៀត ឈរនៅច្រកចូលព្រះសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសរីរិកធាតុព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ឬក៏ឈរនៅក្នុងបរិវេណព្រះសក្យមុនីចេតិយតែម្ដង ។ ស្ថិតនៅក្រោមកម្ដៅថ្ងៃហែង ទោះបីជាមានអ្នកជួលឲ្យពួកគាត់ថតរូបឲ្យ ឬគ្មានក៏ដោយ តែសម្រាប់ក្រុមជាងថតរូបទាំងនោះ នៅតែមានទឹកមុខញញឹមរីករាយ និងមានភាពរួសរាយរាក់ទាក់ជានិច្ចជាមួយភ្ញៀវ ដែលបានទៅដល់លើបូជនីយដ្ឋានខាងលើ ។
មិនតែប៉ុណ្ណោះ ពួកគាត់ក៏បាននិយាយទៅកាន់ភ្ញៀវថា «សូមមេត្តាដោះស្បែកជើងនិងមួកចេញសិនចាំចូលទៅកាន់ព្រះសក្យមុនីចេតិយព្រោះជាបម្រាម» ខណៈដែលនៅទីនោះ ក៏មានដាក់ស្លាកបម្រាមស្រាប់ផង ។ បន្ទាប់មកទៀត ទើបពួកគាត់សួរទៅកាន់ភ្ញៀវ ដោយការគោរពថា «លោកយាយលោកតា និងលោកពូអ្នកមីង បងប្អូនថតរូបដែរទេ ? ថតភ្លាមបានភ្លាមហើយរូបភាពពណ៌ធម្មជាតិល្អនិងតម្លៃសមរម្យ» ។ នេះគឺជាវិធីសាស្ត្រឱនលំទោនអន្ទងចិត្តភ្ញៀវ ដើម្បីបានថតរូបហើយពួកគាត់ក៏ទទួលបានប្រាក់កម្រៃផងដែរ ។ សម្រាប់ភ្ញៀវមួយចំនួន បន្ទាប់ពីបានឮពាក្យសម្ដី និងកាយវិការគួរសមនេះហើយក៏យល់ព្រម ហើយបានប្រមូលក្រុមគ្រួសារថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ដោយភ្ញៀវទាំងនេះ បានចំណាយប្រាក់ត្រឹមតែ៥ពាន់ ទៅ១ម៉ឺនរៀល ឬ២ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានរូបថតពណ៌ធម្មជាតិស្រស់ស្អាតយកទៅដាក់តាំងនៅគេហដ្ឋានរបស់ខ្លួនហើយ ។
ប៉ុន្តែទន្ទឹមនិងនេះ ក៏មានភ្ញៀវភាគច្រើនទៀតមិនបានឲ្យក្រុមជាងថតទាំងនោះថតឲ្យឡើយ ដោយពួកគាត់បាននាំគ្នាប្រើទូរស័ព្ទដៃថតរូប ឬថតសែលហ្វុីជុំគ្នាដោយខ្លួនឯង ។ នេះគឺជាសិទ្ធិសេរីភាព និងមិនចង់ចំណាយប្រាក់លើការថតរូប ហើយការថតតាមទូរស័ព្ទក៏អាចបង្ហោះនៅតាមបណ្ដាញសង្គមផ្សេងៗបានដែរ ជាពិសេស សង្គមហ្វេសប៊ុកតែម្ដង ។
ក្រុមជាងថតរូបខាងលើ សុទ្ធតែបាននិយាយដូចៗគ្នាថា កាលពីជាង១០ឆ្នាំឬ១៥ឆ្នាំមុន ភ្ញៀវ ដែលបានទៅលេងកម្សាន្តលំហែកាយ និងគោរពបូជានៅបូជនីយដ្ឋានភ្នំព្រះរាជទ្រព្យនេះចំនួន៨០ភាគរយ បានចំណាយលុយក្នុងម្នាក់ៗយ៉ាងហោចណាស់ក៏១ម៉ឺនរៀល ទៅ២ម៉ឺនរៀលដែរ ដើម្បីនាំគ្នាថតរូប ដែលបានធ្វើឲ្យមុខរបរថតរូបនេះកាក់កបអាចរកប្រាក់កម្រៃបានច្រើនគួរសមដែរ ។ ក្នុងនោះ សម្រាប់ជាងថតរូបម្នាក់អាចរកប្រាក់ក្នុង១ថ្ងៃ បានចាប់ពី១០ទៅ១៥ម៉ឺនរៀល ហើយអាចយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារបាន ដោយងាយស្រួល ។ ម្យ៉ាងទៀត ក៏អាចហ៊ានទិញកាមេរ៉ាថ្លៃៗ ដេញជើងរវាងជាងថតរូបដូចគ្នាសម្រាប់ថតរូបជូនភ្ញៀវថែមទៀតផង ។
ប៉ុន្តែផ្ទុយស្រឡះពីអំឡុងពេលនោះ រហូតមកដល់សព្វថ្ងៃនេះ ចំណូលដែលបានមកពីការថតរូបឲ្យភ្ញៀវបានធ្លាក់ចុះយ៉ាងគំហុកបំផុត ដែលថ្ងៃខ្លះ អាចរកបានត្រឹមតែ២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ហើយក៏មានថ្ងៃខ្លះទៀត សូម្បីតែ១រៀលក៏គ្មានផង ។ប្រភពដដែលបានបន្តទៀតថា ការធ្លាក់ចុះចំណូលពីការថតរូបនេះដោយសារការប្រឈម២យ៉ាងគឺ៖
ទី១-ព្រោះតែបច្ចេកវិទ្យាជឿនលឿន មានទូរស័ព្ទស្មាតហ្វូនទំនើបៗដ៏សម្បូរបែបហូរចូលក្នុងប្រទេសយើង ហើយគ្រប់ស្មាតហ្វូនសុទ្ធតែមានភ្ជាប់កាមេរ៉ា ដែលអាចថតរូបបានគ្រប់ស្ថានភាពទាំងអស់ មិនតែប៉ុណ្ណោះអ្នកខ្លះប្រើរហូតដល់២ទៅ៣គ្រឿងម្នាក់ឯងទៀតផង ។ បញ្ហានេះបានប្រឈមមកយូរឆ្នាំមកហើយ ដោយបានធ្វើឲ្យចំណូលពីការថតរូបរបស់ពួកគាត់មានការធ្លាក់ចុះបន្តិចម្ដងៗ រហូតមដល់បច្ចុប្បន្នស្ទើរតែសូន្យ ព្រោះភ្ញៀវទេសចរស្ទើរតែ៨០ភាគរយលែងត្រូវការជួលថតទៀតហើយ ។ ភ្ញៀវបាននាំគ្នាប្រើទូរស័ព្ទផ្ទាល់ខ្លួនថតរូប ព្រោះមិនចាំបាច់ចំណាយលុយក្នុងការថតរូបដូចពីមុនទៀតឡើយ ហើយចង់ថតសែលហ្វុី ឬបែបណារាប់សិបប៉ុស្តិ៍ក៏បានដែរ ។ ពិសេសថែមទៀតនោះអាចយករូបនោះបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកឬបណ្ដាញនានាតាមចិត្តទៀតផង ។
ចំណែកភ្ញៀវទេសចរប្រមាណ២០ភាគរយទៀតនៅតែត្រូវការរូបភាព ពីម៉ាសុីនថតរបស់ជាងថតដដែល ទោះជាមានទូរស័ព្ទទំនើបៗ កាន់ក្នុងដៃហើយក្ដី ព្រោះគាត់ត្រូវការយករូបថតពេលដើរលេងទៅដាក់តាំងនៅផ្ទះ ។ ដូច្នេះពួកគាត់មិនខ្លាចនិងចំណាយលុយថ្លៃថតរូបទេ ។ ភ្ញៀវទាំងនេះហើយ គឺជាប្រភពនៃប្រាក់ចំណូលជួយដល់សេដ្ឋកិច្ចគ្រួសារជាងថតរូបទាំងអស់ ។
ប្រភពខាងលើបានបន្តទៀតថា ចំណែកបញ្ហាប្រឈមគឺ៖
ទី២-ស្របពេលប្រាក់ចំណូលកំពុងធ្លាក់ចុះ ព្រោះមិនសូវមានអ្នកថតរូបស្រាប់ផង ស្រាប់តែមានរឿងនឹកស្មានមិនដល់មួយទៀតបានកើតឡើងដ៏កក្រើកពិភពលោករួមទាំងកម្ពុជាយើងផងដែរ នោះគឺការផ្ទុះឡើងនូវជំងឺ COVID-19 ដែលជាហេតុធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះយ៉ាងខ្លាំង ។ កាលពីចាប់ផ្ដើមកើតជំងឺនេះដំបូងនោះនៅរមណីយដ្ឋានភ្នំឧដុង្គស្ទើរតែគ្មានអ្នកទៅលេងទាំងស្រុងតែម្ដង ។ក្នុងដំណាក់កាលនោះ មិនថាតែពួកគាត់ដែលជាជាងថតរូបប៉ុណ្ណោះទេ ដែលជួបបញ្ហាបាត់ប្រាក់ចំណូល សូម្បីតែអ្នកលក់ដូរផ្សេងៗដូចជាអ្នកលក់បាយ ម្ហូបអាហារ ឬវត្ថុអនុស្សាវរីយ៍ដ៏ទៃៗទៀតក៏គ្មានប្រាក់ចំណូលដូចគ្នាដែរ ខណៈនោះម្នាក់ៗអង្គុយស្ងាបមើលតែមុខគ្នាឡេងឡង់ៗរកនិយាយអ្វីមិនចេញឡើយ ។ ប៉ុន្តែយើងក៏មានភ័ព្វសំណាងខ្លាំងណាស់ ដែលប្រទេសយើងមានកើតជំងឺនេះដែរ ប៉ុន្តែតិចតួចហើយគ្មានអ្នកស្លាប់ទៀត ព្រោះបានរាជរដ្ឋាភិបាលមានវិធានការទប់ស្កាត់មិនឲ្យមានការរីករាលដាលឡើយ ហើយរហូតមកដល់ពេលនេះ ទោះបីជាជំងឺនេះមិនទាន់វិនាសខ្ចាត់ខ្ចាយពីភពផែនដីក្ដី ប៉ុន្តែមានអ្នកមកលេងកម្សាន្តនៅរមណីយដ្ឋាននេះវិញខ្លះៗហើយ ដែលបង្កលក្ខណៈឲ្យពួកគាត់អាចរកចំណូលពីមុខរបរថតរូបនេះបានខ្លះអត់ខ្លះឡើងវិញដែរ ។ ប៉ុន្តែក៏គ្មានសង្ឃឹមថាអាចរកប្រាក់ចំណូលបានច្រើនដូចកាលពី១០ឬ១៥ឆ្នាំមុននោះឡើយ ។
បើតាមបុរសជាជាងថតរូបម្នាក់ឈ្មោះភាព អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិស្រះពោធិ៍ខាងជើង ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល បាននិយាយថា អ្នករកសុីថតរូប នៅលើកំពូលភ្នំព្រះរាជ្យទ្រព្យនេះមានចំនួនរហូតដល់ទៅជាង៣០នាក់ឯណោះ ។ ដោយឡែករូបលោកបានប្រកបរបរមួយនេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានប្រពន្ធនិងកូន៣នាក់ ។ ក្រៅពីមុខរបរជាជាងថតរូបគាត់បានចាប់យកមុខរបរអាជីព មួយទៀតគឺធ្វើស្រែផងដែរ ។ ចំពោះតម្លៃរូបថតដែលគាត់ថតជូនភ្ញៀវ គឺថតភ្លាមបានភ្លាមក្នុងនោះរូបថតទំហំ១៣សង្ទីមែ៉ត្រគុណនឹង១៨សង្ទីមែ៉ត្រក្នុង១សន្លឹកថ្លៃ៥ពាន់រៀល និងទំហំ២០សង្ទីរម៉ែត្រគុណនឹង៣០សង្ទីរម៉ែត្រក្នុង១សន្លឹកថ្លៃ១ម៉ឺនរៀល ។
លោកភាពបានបន្តថា ជារៀងរាល់ថ្ងៃក្រោយពីភ្ញាក់ពីដេកបន្ទាប់ពីធ្វើការងារផ្ទះរួច ទើបគាត់ចាកចេញពីផ្ទះឡើងទៅលើភ្នំឈររង់ចាំភ្ញៀវនៅមាត់ច្រកចូលព្រះសក្យមុនីចេតិយ ឬក្បែរព្រះចេតិយព្រះបាទស្រីសូរិយោពណ៌ជាមួយនិងអ្នកថតរូបដ៏ទៃៗទៀតដែរ ។ មិនតែប៉ុណ្ណោះរយៈពេល១០ឆ្នាំនៃការប្រកបរបរជាជាងថតរូបនេះគាត់បានប្រើម៉ាសុីនថត(កាមេរ៉ា) អស់ចំនួន៥គ្រឿងហើយ ។ ចំណែកអ្នកផ្សេងក៏ដូចគាត់ដែរ ដោយអ្នកខ្លះអស់៣ឬ៤គ្រឿងហើយដែរ ។
និយាយរួមមកកាលពីមុនស្រួលរកលុយណាស់ ព្រោះអាចបានក្នុង១ថ្ងៃចន្លោះពី១០ទៅ១៥ម៉ឺនរៀល ហើយនៅពេលម៉ាសុីនថតរាងចាស់បន្តិចថតរូបមិនសូវស្អាតគឺបានទិញថ្មីប្ដូរភ្លាម និងទិញដេញស៊េរីដេញម៉ាកគ្នាថែមទៀតផង ។ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ គ្មានលទ្ធភាពប្ដូរម៉ាសុីនថតថ្មីឡើយ ព្រោះតែថ្ងៃខ្លះរកបានត្រឹមតែ២ម៉ឺនទៅ៣ម៉ឺនរៀល និងច្រើនបំផុត៥ម៉ឺនរៀលប៉ុណ្ណោះ ហើយក៏មានថ្ងៃខ្លះទៀត រកអត់បានសូម្បីតែ១រៀលក៏មានដែរ ។
គាត់ថា ប៉ុន្តែគាត់មិនដែលចុះចាញ់ឬគិតថានិងបោះបង់ចោលមុខរបរមួយនេះទេ ព្រោះយល់ថាការកសុីគឺបែបនេះឯង ជួនកាលក៏បានច្រើនគ្រាន់បើ ថ្ងៃខ្លះក៏បានតិច ហើយជួនថ្ងៃខ្លះក៏អត់បានសោះក៏មានដែរ ។ គាត់ថានេះគឺជារឿងធម្មតាទៅហើយ ម្យ៉ាងទៀតប្រសិនបើគាត់បោះបង់ចោលមុខរបនេះទៅ ក៏ពុំដឹងថាអាចទៅរកសុីអ្វីទៀត បាននោះឡើយ ។ គាត់ថាកាលពីមុនគាត់បានចាត់ទុកថាមុខរបរជាងថតរូបជាគោល ជាអាជីព ប៉ុន្តែពេលនេះចាត់ទុកវាលែងជាអាជីពទៀតហើយ គឺទុកថាជាមុខរបរបន្ទាប់បន្សំពីការធ្វើស្រែតែប៉ុណ្ណោះ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព