ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តរួមនិងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលរណ្តៅបេតុង ក្បែរលូធំម្តុំមាត់ទន្លេដែលបានបាក់ស្រុត ព្រមទាំងស្រូបយកម៉ូតូគ្រឿង និងបុរសម្នាក់ ប៉ុន្តែសំណាងល្អបុរសជាម្ចាស់ម៉ូតូបានរួចផុតគ្រោះថ្នាក់ ។ ទីតាំងកើតហេតុនេះមានទំហំ៧ម៉ែត្រ៤ជ្រុង និងជម្រៅ៦ម៉ែត្រនៅសួនច្បារមាត់ទន្លេក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២០ ។ ជាមួយនោះក៏បានណែនាំឲ្យស្ថាប័នជំនាញធ្វើការសិក្សានិងជួសជុលជាបន្ទាន់ ដើម្បីចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅសួនច្បារមាត់ទន្លេ។លោកសុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមានប្រសាសន៍ឲ្យដឹងថា:
ប្រព័ន្ធលូធំសម្រាប់បង្ហូរទឹកសំអុយ ចេញពីតាមបណ្ដាលូជាច្រើនខ្សែ ដោយបានហូរកាត់លូនេះចូលទៅក្នុងទន្លេមេគង្គ។ ចំពោះមូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតបេតុង និងមានរណ្ដៅធំបែបនេះ ដោយសារតែបាក់លូចាស់ ដែលមានសភាពទ្រុឌទ្រម កសាងឡើងតាំងពីសម័យបារាំងមកម្ល៉េះ។
លោកប្រធានមន្ទីរសាធារណការខេត្តមានប្រសាសន៍បន្តថា ក្នុងពេលដែលលោកអ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី១៤ កញ្ញា បានណែនាំដល់ស្ថាប័នមន្ទីរសាធារណការខេត្ត ឲ្យបញ្ជូនក្រុមបច្ចេកទេសមកសិក្សាជាបន្ទាន់ និងត្រៀមសាងសង់ប្រព័ន្ធលូស្តង់ដារថ្មីដែលមានមុខកាត់៨ទឹកចំនួន៣ខ្សែ ។ មានលក្ខណៈធំទូលាយជាងលូចាស់ ហើយបណ្ដោយប្រវែង៨០ម៉ែត្រ ដើម្បីសម្រួលក្នុងការបង្ហូរទឹកសំអុយចេញពីក្នុងក្រុង ចូលទៅទន្លេមេគង្គ។
លោកបានបន្តថា តែដោយសារបុណ្យភ្ជុំ កម្មករសំណង់មួយចំនួនធំបានវិលត្រឡប់ទៅលេងស្រុកកំណើត ជួបជុំញាតិមិត្តប្អូនបងនិងឪពុកម្ដាយជីដូនជីតា ។ ក្រោយភ្ជុំបិណ្ឌនៅថ្ងៃទី២១ កញ្ញា ២០២០ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ប្រព័ន្ធលូតាមលក្ខណៈបច្ចេកទេសថ្មី ដោយធ្វើយ៉ាងណាឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។
បុរសរងគ្រោះបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ គាត់ក៏ជិះម៉ូតូមកកាន់កន្លែងបាក់ស្រុតបេតុង នៅជាប់ពីលើប្រព័ន្ធលូធំបង្ហូរទឹកចូលទៅក្នុងទន្លេ។ ដោយមានទាំងឬស្សីមួយដើម រូបគាត់បម្រុងយកឬស្សីនោះមកចាក់មើលរណ្ដៅដីដែលបាក់ស្រុត ដើម្បីរកម៉ូតូ ប៉ុន្តែឬស្សីមួយដើមនោះខ្លីពេកចាក់មិនដល់ ហើយណាមួយក៏ខ្លាចគ្រោះថ្នាក់បាក់ស្រុតបន្ថែមទៀតផង មានតែរង់ចាំមើលអាជ្ញាធរដែនដីជួយអន្តរាគមន៍យកម៉ូតូចេញពីក្នុងដីដែលបានបាក់លិចនៅក្នុងទឹកនោះតែប៉ុណ្ណោះ។
តាមសាក្សីបាននិយាយថា ក្រោយពេលទំនេរពីការលក់ដូរបបរ.ស ជារើយៗបុរសម្ចាស់ម៉ូតូតែងតែឌុបកូនដាក់នៅពីខាងមុខ ដើម្បីដើរលេងលំហែកាយតាមផ្លូវមាត់ទន្លេ ។ តែនេះសំណាងល្អ ដែលគ្រោះថ្នាក់បាក់ស្រុតបេតុងសួនច្បារមាត់ទន្លេ គឺមានតែបុរសរងគ្រោះម្នាក់ប៉ុណ្ណោះ បើសិនជាកូនតូចមកជាមួយអាចនឹងត្រូវគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។
លោកបន្តទៀតថា សួនច្បារមាត់ទន្លេក្រុងកំពង់ចាម បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋបាននាំគ្នាដើរកំសាន្តលេងនឹងស្រូបយកខ្យល់អាកាស ជំនោរពីទន្លេមេគង្គ ហើយនៅពេលល្ងាចមិនថាក្មេងឬចាស់នោះទេ តែងតែនាំគ្នាដើរហាត់ប្រាណ។ ចំណែកម៉ូតូម៉ាកវ៉េវដែលបានកប់នៅក្នុងរណ្ដៅដីមានទឹក ក្រុមជំនាញមន្ទីរសាធារណការខេត្ត និងស្ដារឡើងលើគោកដើម្បីប្រគល់ជូនម្ចាស់វិញឲ្យបានឆាប់នេះ។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងដែរថា ហេតុការណ៍បាក់ស្រុតបេតុងសួនច្បារមាត់ទន្លេក្រុងកំពង់ចាម នៅម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៣ ខែកញ្ញា ដែលមានមុខកាត់ប្រមាណ៥ម៉ែត្របួនជ្រុង ដោយបានស្រូបយកម៉ូតូវ៉េវមួយគ្រឿង ។
ជាមួយនោះ រូបលោកក៏បានជួលកម្មករដាក់ខ្សែពួរឲ្យចុះរកម៉ូតូដែរ ប៉ុន្តែរកមិនទាន់ឃើញនៅឡើយទេ។ ដោយឡែកលោកអភិបាលខេត្ត បានយកចិត្តទុកដាក់ដោយឲ្យក្រុមបច្ចេកទេសចុះទៅត្រួតពិនិត្យ និងធ្វើការជួសជុលឡើងវិញជាបន្ទាន់ផងដែរ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព