(ភ្នំពេញ)៖ គម្រោងលំនៅឋានអារ៉ាខាវ៉ា ស្តង់ដាជប៉ុនទី១ នៅកម្ពុជានៅតែអាចដំណើរការបានធម្មតា ទោះប្រទេសកម្ពុជា និងពិភពលោកកំពុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុនជប៉ុនមួយនេះមិនបានបង្អាក់ដល់ការអភិវឌ្ឍន៍នោះឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿន ការសាងសង់ដោយផ្តល់ការងារដល់បុគ្គលិក និងកម្មករទ្វេមួយជាពីរ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើកលក់ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដំណាក់កាលទី២ កាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានអះអាងថា ទោះបីជាមានបញ្ហាកូវីដ១៩ ក្តីក៏ដំណើរការលក់លំនៅឋានអារ៉ាខាវ៉ាធម្មតា ដោយដំណាក់កាលទី១ លក់អស់ ហើយដំណាក់កាលទី២ ក៏មានសន្ទុះល្អផងដែរ។លោកថា«នៅក្នុងបច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែខ្ញុំសង្កេតឃើញថាសេដ្ឋកិច្ចកម្ពុជា ហាក់បីដូចជាមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ។ ហេតុដូច្នេះហើយបានជាការលក់ខុនដូរបស់យើង គឺមានដំណើរការធម្មតា ហើយមានសង្ឃឹមថាវាមិនធ្លាក់ចុះទេ»។
ដោយសារតម្លៃសម្ភារការសាងសង់មានការកើនឡើងនោះ ទើបលំនៅឋានអារ៉ាខាវ៉ា ដំណាក់កាលទី២ តម្លៃមានការកើនឡើង១០ភាគរយ ហើយការដំឡើងថ្លៃនេះ ដើម្បីឲ្យក្រុមហ៊ុនអាចទប់ទាល់រួច។
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានបញ្ជាក់ថា «តម្លៃក្នុងដំណាក់ទី២ របស់លំនៅឋានអារ៉ាខាវ៉ានេះ ឡើងថ្លៃបន្តិចមែន ប៉ុន្តែមិនមែនដំឡើងដើម្បីយកប្រាក់ចំណេញទេ គឺគ្រាន់តែឲ្យរួចខ្លួនតែប៉ុណ្ណោះ មានន័យថា បើយើងមិនដំឡើងបន្តិចទេ គឺយើងនឹងខាត។ ការដំឡើងនេះ ទោះបីដំឡើង១០ភាគរយក្តី ក៏នៅតែក្រោមតម្លៃទីផ្សារ»។
សម្រាប់គម្រោងបន្ទាប់ប្រសិនក្រុមហ៊ុនអាចទិញដីក្នុងតម្លៃធូរថ្លៃ នៅកណ្តាលទីក្រុង ក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍គម្រោងលំនៅឋានស្តង់ដារជប៉ុននេះបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ លោក យ៉ាស៊ូម៉ូតូ។
Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្នលំនៅឋានអារ៉ាខាវ៉ា បានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់ និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។
Arakawa Residence សាងសង់លើផ្ទៃដីជាង១.៣ហិចតា មានសំណង់ អគារសរុបចំនួន១៦ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។ ដំណាក់កាលទី១ ដែលមានចំនួន១០អគារ នឹងត្រូវបញ្ចប់ជាស្ថាពរនៅខែធ្នូខាងមុខនេះ ហើយដំណាក់កាលទី២ ដែលមានចំនួន៦អគារ នឹងសាងសង់រួចនៅចុងខែមិថុនា ឆ្នាំ២០២២។
ដំណាក់ទី១ ដែលបានប្រកាសបើកលក់ចំនួន១,៦៨០យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុន ផែនការកំណត់ ហើយដំណាក់កាលទី២នេះ មានចំនួនតែ១,២៨០ យូនីតប៉ុណ្ណោះ។
លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជា ជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដើម្បី សាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូល ទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅ កណ្ដាលក្រុងភ្នំពេញ។
Arakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជាប់ផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន និងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើ ដំណើរឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើង ទៅអាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់។
ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាងសង់ និងដាក់ឲ្យដំណើរការរួចមកហើយ អាផាតមិនដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ៕