ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបង្ហើបឲ្យដឹងថា នៅថ្ងៃឈប់សម្រាកដែលមានរយៈពេល ៥ ថ្ងៃដែលរាជរដ្ឋាភិបាលបានសម្រេចសងជំនួស ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក ខេត្តនឹងមានរៀបចំធ្វើនូវកម្មវិធីជាច្រើន ទៅតាមបែបសាសនា និង កីឡា ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។
លោកអភិបាលខេត្តបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ កាលពីថ្ងៃទី ១៩ ខែ កក្កដា ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានគ្រប់គ្រងស្ថានភាពនៃជម្ងឺកូវីដ១៩ បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំង បន្តរឹតបន្តឹង ពិនិត្យតាមដានជាប្រចាំ ប្រជាពលរដ្ឋមកពីក្រៅប្រទេស និង យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះខេត្តក៏អនុវត្តបទបញ្ជា សេចក្តីណែនាំ និង ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជា ប្រចាំរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងរៀបចំវេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាមគោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក៕ ត្នោត