រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់បានមុតនឹងចង្កាក់សាច់គោអាំងជិតកន្លះខែមកហើយ គ្មានលុយទៅព្យាបាលនោះទេ គឺសុខចិត្តទ្រាំឈឺរហូតដេកដាច់ខ្យល់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សពស្ត្រីរងគ្រោះខាងលើឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ មុខរបរជាអ្នករើសអេត ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ ចំណែកប្ដីរបស់ស្ត្រីរងគ្រោះឈ្មោះ អុន មករា ហៅក្រៅថា អាខ្មៅ អាយុ២០ឆ្នាំ មុខរបរអ្នករើសអេតចាយ ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសំរោង ឃុំក្បាលត្រាច ខេត្តពោធិ៍សាត់។
តាមប្រភពពីបុរសជាប្ដីស្រី្តរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានមុតនឹងឈើចង្កាក់ដោតសាច់គោអាំងចំបាទជើងផ្នែកខាងឆ្វេងអស់រយៈពេលជិតមួយខែមកហើយ ហើយដោយសារតែប្រពន្ធគាត់មានជំងឺប្រចាំកាយ គឺជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមទៀត ណាមួយព្រោះតែជីវភាពខ្វះខាតគ្មានលុយកាក់សម្រាប់ទៅព្យាបាល ទើបបណ្ដាលឲ្យប្រពន្ធគាត់ចេះតែឈឺដៃ និងឈឺជើងទៅណាមិនរួចនោះទេ ហើយចេះតែខ្សោយទៅៗ ។
ប្តីរបស់ស្ត្រីរងគ្រោះបន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២០ រូបគាត់ជាប្តីបានចេញទៅដើររើសអេតចាយបាត់ ដោយទុកប្រពន្ធនៅតែម្នាក់ឯងក្នុងបន្ទប់ជួលខាងលើ។ ស្រាប់តែមកដល់ម៉ោង៧យប់ថ្ងៃដដែល រូបគាត់ក៏បានត្រឡប់មកផ្ទះជួលវិញ ស្រាប់តែឃើញប្រពន្ធមានសភាពស្លេកស្លាំង និងប្រឈរភ្នែកឡើងលើទៅហើយ ព្រមទាំងដកចង្កាមាន់ទៀត ។
ប្រភពដែលបន្តទៀតថា ពេលនោះរូបខ្ញុំជាប្តីក៏បានហៅអ្នកជិតខាងឱ្យមកជួយដែរ តែជួយមិនទាន់ក៏ដាច់ខ្យល់បាត់បង់ជីវិតតែម្ដងទៅ បន្ទាប់មកខ្ញុំក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីចុះមកអន្តរាគមន៍។
ប្រភពដដែលបន្តទៀតថា រូបគាត់ជាប្តីរស់នៅជាមួយគ្នា (ប្រពន្ធ) អស់រយៈពេលជិតមួយឆ្នាំមកហើយ តែមិនបានរៀបការ និងសែនព្រេនឡើយ ដោយរស់នៅជាប្តីប្រពន្ធតែម្ដង។
ក្រោយពេលកើតហេតុ បន្ទាប់ពីផ្នែកជំនាញចក្ខុបានធ្វើការពិនិត្យសពជនរងគ្រោះរួចរាល់ហើយ ហើយណាមួយសពជនរងគ្រោះខាងលើមានជីវភាពខ្វះខាតផង ចំណែកប្ដីគ្មានលុយធ្វើបុណ្យសពឱ្យប្រពន្ធទៀត ក៏បានដឹកសពស្ត្រីរងគ្រោះយកទៅតម្កល់នៅវត្តទប្តំកល់ និងរង់ចាំសាច់ញាតិស្ត្រីរងគ្រោះដើម្បីធ្វើបុណ្យ តែបើរកមិនឃើញទេ សមត្ថកិច្ចនឹងប្រគល់ឱ្យលោកអាចារ្យបូជាតែម្តង ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព