លោកស្រីឱ វណ្ណឌីន រម្លឹកពលរដ្ឋត្រូវពាក់ម៉ាស់ និងកុំប្រគេនចង្ហាន់ និងទេយ្យវត្ថុក្នុងទ្រង់ទ្រាយធំ
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសង្កេតឃើញមានការខ្វះចន្លោះក្នុងការអនុវត្តនូវវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ ការចម្លង និងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។
ហេតុដូច្នេះក្រសួងសុខាភិបាលបានក្រើនរម្លឹកពលរដ្ឋ ជាពុទ្ធបរិស័ទ្ធត្រូវពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសពេលចូលវត្តអារាម្យ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា «ដោយសារមានការសង្កេតកន្លងមកនេះ ឃើញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត» ។
លោកស្រីបានបន្តថាបងប្អូនពុទ្ធបរិស័ទ្ធត្រូវ អនុវត្តវិធានការការសាមញ្ញៗមួយចំនួន ដូចជា រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែល មិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ លោកស្រីបានបន្តថា «ចំណុចទី ២. ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម » ។
៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ ក្នុងនោះផងដែរ លោកស្រីបានបន្តថា « ជាពិសេសព្រះសង្ឃ ឬ បុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់» ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព