នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញារដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួនពីរនាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានរាយការណ៍ថា អ្នកជំងឺថ្មីទី១ គឺជាបុរសជនជាតិថៃអាយុ ២៣ ឆ្នាំបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែកញ្ញានិងធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១២ ខែកញ្ញា។ អ្នកជំងឺទី២ គឺជានិស្សិតស្រីអាយុ ២៩ ឆ្នាំបានត្រឡប់មកពីប្រទេសកាតានៅថ្ងៃទី ៧ ខែកញ្ញា និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី ១១ ខែកញ្ញា។ គិតមកដល់ថ្ងៃចន្ទនេះ ប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣ ៤៧៥ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣.៣១២ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៥ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ២៩.១ លាននាក់ (កើនឡើង ២៤៤ ៨៥៧ នាក់ក្នុងរយៈពេល ២៤ ម៉ោង និងមាន ២១ លាននាក់បានជាសះស្បើយ) និងមានអ្នកស្លាប់សរុបចំនួន ៩២៨ ២៦៧ នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៦.៧ លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ៤.៨៤ លាននាក់ និងប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ៤.៣ លាននាក់។គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand